អាជ្ញាធរខេត្តកណ្ដាល កំណត់តំបន់អគារវប្បធម៌ជា«តំបន់ក្រហម» ខណៈសង្កាត់ផ្សេងទៀត «តំបន់លឿង»
COVID-19
ជាតិ
អាជ្ញាធរខេត្តកណ្ដាល កំណត់តំបន់អគារវប្បធម៌ជា«តំបន់ក្រហម» ខណៈសង្កាត់ផ្សេងទៀត «តំបន់លឿង»
06, May 2021 , 7:59 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល សម្រេចកំណត់តំបន់អគារវប្បធម៌ជា «តំបន់ក្រហម» ខណៈសង្កាត់ផ្សេងទៀតកំណត់ជា «តំបន់លឿង» ដើម្បីបង្ការកូវីដ-១៩។ រដ្ឋបាលខេត្តកណ្ដាល បានកំណត់ក្រុងតាខ្មៅជា «តំបន់លឿង» លើកលែងតំបន់អាគារវប្បធម៌ ចំណុចភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជា«តំបន់ក្រហម» ដោយត្រូវបិទខ្ទប់ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ក្នុងខេត្តកណ្ដាល។


យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល ការសម្រេចកំណត់បិទខ្ទប់ «តំបន់ក្រហម»នេះ គឺមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងទីតាំងនេះ ចេញពីផ្ទះ ឬកន្លែងស្នាក់នៅឡើយ ប៉ុន្តែក៏មានករណីលើកលែងមួយចំនួន សម្រាប់ប្រជាជនដែរ។ 
 
ករណីលើកលែងទាំងនោះរួមមាន ការធ្វើដំណើរបំពេញការងារបម្រើប្រយោជន៍សាធារណៈ ទៅមន្ទីរពេទ្យ ទៅធ្វើតេស្តរកកូវីដ-១៩ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ការត្រឡប់មកលំនៅឋានក្រោយបញ្ចប់ចត្តាឡីស័ក ដោយភ្ជាប់លិខិតបញ្ជាក់បេសកកម្ម ឬលិខិតអនុញ្ញាតធ្វើដំណើរ។ នេះបើតាមរដ្ឋបាលខេត្ត។
 



ដោយឡែក «តំបន់លឿង»វិញ ការធ្វើដំណើរគ្រប់ប្រភេទ សកម្មភាពការងារ មុខរបរ អាជីវកម្មគ្រប់ប្រភេទ អនុញ្ញាតបើកដំណើរការធម្មតា លើកលែងតែសាលារៀន សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជីវកម្មក្លឹបកម្សាន្ត (ខារ៉ាអូខេ, រង្គសាល,បៀរហ្គាឌិន, រមណីយដ្ឋាន, សួនកម្សាន្ត, ម៉ាស្សា, ហាងលក់គ្រឿងស្រវឹង, ក្លឹបហាត់ប្រាណ, មជ្ឈមណ្ឌលកីឡា...)។ 
 
ចំពោះភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ តូបអាហារ  ការលក់ដូរតាមរទេះ អាចប្រកបអាជីវកម្មជាលក្ខណៈវិចខ្ចប់ ដោយមិនអនុញ្ញាតទទួលអតិថិជនអង្គុយទទួលទានឡើយ។ ចំណែកផ្សាររដ្ឋ និងទីតាំងលក់ដូរមិនរៀបរយ ត្រូវបន្តបិទរហូតដល់ថ្ងៃទី១២ឧសភា ឆ្នាំ២០២១ និងជំនួសដោយផ្សារបណ្ដោះអាសន្ន ដែលរៀបចំដោយរដ្ឋបាលខេត្ត។ រីឯសេវាកម្មអ៊ុតសក់ កាត់ក្រចក តុបតែងមុខ និងកាត់សក់ បន្តបិទបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី១២ឧសភា ផងដែរ។ ឯការជួបជុំ ឬប្រមូលផ្ដុំ លើសពី១០នាក់ ត្រូវបានបន្តការហាមឃាត់ លើកលែងតែការជួបជុំលក្ខណៈគ្រួសារប៉ុណ្ណោះ។
 
គិតត្រឹមថ្ងៃទី ៦ឧសភា ឆ្នាំ២០២១នេះ អ្នកឆ្លងកូវីដ-១៩ទូទាំងប្រទេសកើនដល់ ១៧៦២១ករណី និងអ្នកស្លាប់ ១១៤នាក់ ខណៈអ្នកជាសះស្បើយសរុបចំនួន ៦៨៤៣នាក់៕
 

Tag:
 ThmeyThmey25
  Lockdown
  បិទខ្ទប់
  ក្រុងតាខ្មៅ
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com