COVID-19
ជាតិ
សុខភាព
កម្ពុជាដាក់ផែនការយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ-១៩ ជាបីជំហានតាមអភិក្រម «ផ្ការីក»
07, May 2021 , 1:07 pm        
រូបភាព
 គ្រូពេទ្យរបស់ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។ រូបថត៖ កងយោធពលខេមរភូមិន្ទ
គ្រូពេទ្យរបស់ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។ រូបថត៖ កងយោធពលខេមរភូមិន្ទ
ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កំពុងជះឥទ្ធិពលអាក្រក់ដល់សង្គម និងសេដ្ឋកិច្ចជាតិ។ ដើម្បី កាត់ផ្តាច់ការចម្លងជំងឺនេះ កម្ពុជាបានចេញវិធានការជាច្រើនទាំងថ្នាក់ជាតិ និងមូលដ្ឋាន ដូចជាការបិទខ្ទប់ និងបម្រាមគោចរជាដើម។ ទន្ទឹមនេះ ការចាក់វ៉ាក់សាំងគឺជាផ្នែកដ៏ធំមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាល។ នៅខែឧសភា នេះ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានបោះពុម្ពសៀវភៅ «ផែនការយុទ្ធសាស្ត្រយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៉ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១»។

 
អភិក្រម «ផ្ការីក» ត្រូវយកមកអនុវត្តក្នុងផែនការយុទ្ធសាស្ត្របង្កើតភាពស៉ាំសង្គម-សេដ្ឋកិច្ច តាមរយៈការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយផ្តើមចេញពីចំណុចកណ្តាលកម្ពុជា ពោលគឺចេញពីរាជធានីភ្នំពេញទៅកាន់តំបន់ទីប្រជុំជនសំខាន់ៗជុំវិញរាធធានី និងពង្រឹិកជំហានទៅកាន់តំបន់ផ្សេងទៀត។
 
អនុវត្តអនុលោមតាមអភិក្រម «ផ្ការីក» កម្ពុជាដាក់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជាបីតំបន់ទៅតាមលំដាប់អាទិភាព ហើយតំបន់អាទិភាពខ្ពស់ត្រូវតែបញ្ចប់ឲ្យបានក្នុងឆ្នាំ២០២១។ 
 
តំបន់អាទិភាពខ្ពស់ (ពណ៌ក្រហម) ក្រសោបយកក្រុង/ស្រុក/ខណ្ឌចំនួន៧០នៅទូទាំងប្រទេស ដោយគ្របដណ្តប់រាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងមូល បន្ទាប់មកមានតំបន់សក្តានុពលសេដ្ឋកិច្ច ដូចជាក្រុងព្រះសីហនុ ប៉ោយប៉ែត ទីរួមខេត្តទាំងអស់ និងបណ្តាស្រុកសំខាន់ៗជុំវិញខេត្តកណ្តាល ដែលមាន៤,៩លាននាក់ ស្មើ៤៨,៥៧ភាគរយនៃពលរដ្ឋសរុបអាយុល១៨ឆ្នាំ។ 
 
តំបន់អាទិភាពមធ្យម (ពណ៌លឿងទុំ) មានក្រុង/ស្រុក/ខណ្ឌចំនួន៦៤ ស្មើ២,៨លាននាក់ និងតំបន់អាទិភាពទាប (ពណ៌បៃតង) មាន៦៩ក្រុង/ស្រុក/ខណ្ឌ ដែលមានពលរដ្ឋ២,៣លាននាក់ ក្នុងចំណោមអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។


 
ទាក់ទងនឹងជំហាននៃការចាក់វ៉ាក់សាំងសម្រាប់តំបន់អាទិភាពខ្ពស់ រដ្ឋាភិបាល បានកំណត់ផែនការជំហានទី១ ពីខែឧសភា ដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ ដោយចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាលឱ្យអស់ដែលមានជិត២,៥លាននាក់។ 
 
 សម្រាប់ជំហានទី២នៃផែនការរបស់រដ្ឋាភិបាល នឹងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរស់នៅក្នុងខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង ព្រះសីហនុ ស្វាយរៀង សៀមរាប បន្ទាយមានជ័យ កែប និងខេត្តកំពត។  ជំហាននេះ នឹងអនុវត្តឡើងចាប់ពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ ប្រជាជនរស់នៅក្នុងខេត្តទាំង១១ មានជាង២លាននាក់ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រមាណ៤លានដូស។ 
 
ចំពោះជំហានទី៣ នៃការផែនការចាក់វ៉ាក់សាំងនោះ គឺនឹងអនុវត្តពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទៅលើប្រជាជនជាង៤,៤លាននាក់ រស់នៅក្នុងខេត្តចំនួន១២។ ក្នុងនោះ មានខេត្តកោះកុង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ រតនៈគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ និងក្រចេះ។ 


 
ដើម្បីទទួលបានវ៉ាក់សាំង សម្រាប់ចាក់ជូនពលរដ្ឋតាមផែនការឬជាជំហានៗខាងលើ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុនសែន បានខិតខំប្រឹងប្រែងក្នុងការបញ្ជាទិញវ៉ាក់សាំងដោយផ្ទាល់ពីប្រទេសអ្នកជាផលិត និងស្វែងរកជំនួយជាវ៉ាក់សាំងពីស្ថាប័នអន្តរជាតិតាមរយៈកម្មវីធីCOVAX និងពីប្រទេសជាមិត្ត ជាដើម។ តាមផែនការរៀបចំដោយរាជរដ្ឋាភិបាល  សម្រាប់ខែឧសភានេះ  កម្ពុជាគ្រោងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣លានដូស, ខែមិថុនា នឹងទទួលបាន៣លានដូស, ខែកក្កដា នឹងទទួលបាន១លានដូស, ខែសីហា នឹងទទួលបាន ១លានដូស និងខែកញ្ញា ឆ្នាំ២០២១  នឹងទទួលបានវ៉ាក់សាំង ចំនួន១,៥លានដូសបន្ថែមទៀត។
 
តាមការគ្រោងទុក កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ១០,៤៣០,៦០០ដូស នៅក្នុងឆ្នាំ២០២២។ កម្ពុជា ទទួលវ៉ាក់សាំងបង្ការកូវីដ-១៩  ជាលើកដំបូងនៅថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១ ដោយវ៉ាក់សាំងដំបូងនោះ គឺបានពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន៦០ម៉ឺនដូស។
 
 
គិតមកដល់ថ្ងៃទី៧ឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងសរុប៤,០២៤,០០០ដូស ដោយសប្តាហ៍ក្រោយវ៉ាក់សាំងបង្ការកូវីដ-១៩របស់ចិន១លានដូសទៀត នឹងមកដល់កម្ពុជា។ ត្រឹមរយៈពេល៦ថ្ងៃពីថ្ងៃទី១ដល់៦ឧសភានៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់ពលរដ្ឋរស់នៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ កើនដល់២៤៦,៧០២នាក់(ស្ត្រី១២៨,៧៦០នាក់។ ចំនួននេះ បានធ្វើឱ្យកម្ពុជាមានអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ សរុប១,៦០៦,០០៧នាក់។ 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com