ជាតិ
សង្គមជាតិ
ដើមពោធិលោកតាក្រហមក ត្រូវបានដាំឡើងវិញ ក្រោយដួលរលំដោយសារខ្យល់កន្ត្រាក់
07, May 2021 , 2:19 pm        
រូបភាព
ដើមពោធិលោកតាក្រហមក ដែលមានចម្ងាយ៧០ម៉ែត្រពីដើមពោធិជើងខាល(ប្រវត្តិស្នេហ៍ទុំទាវ) នៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានដួលរលំដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៦ ឧសភា ២០២១ (រូបពីរដ្ឋបាលខេត្តត្បូងឃ្មុំ)
ដើមពោធិលោកតាក្រហមក ដែលមានចម្ងាយ៧០ម៉ែត្រពីដើមពោធិជើងខាល(ប្រវត្តិស្នេហ៍ទុំទាវ) នៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានដួលរលំដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៦ ឧសភា ២០២១ (រូបពីរដ្ឋបាលខេត្តត្បូងឃ្មុំ)
ភ្នំពេញ៖ ដើមពោធិលោកតាក្រហមក ត្រូវបានដាំឡើងវិញភ្លាមៗ ក្រោយដួលរលំមួយថ្ងៃ។ លោក ម៉ៅ ឌុន នាយករដ្ឋបាលខេត្តត្បូងឃ្មុំ ថា ដើមពោធិនោះនឹងត្រូវថែទាំតាមលក្ខណៈបច្ចេកទេសផ្សេងៗ រួមមានការដាក់ជី និងកាត់មែកខ្លះផង ដើម្បីអាចឱ្យវាបន្តអាយុទៅមុខ។


 
លោក ម៉ៅ ឌុន នាយករដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ដើមពោធិដែលមានឈ្មោះថា “ដើមពោធិលោកតាក្រហមក” នោះ មិនអាចស្លាប់បានឡើង ព្រោះវាដួលទៅទាំងឫស ដូច្នេះគេអាចលើកវាបញ្ឈរឡើង ដោយកប់ដីឡើងវិញ ដាក់ជី និងកាត់មែកចោលខ្លះ រួមទាំងថែទាំតាមលក្ខណៈបច្ចេកទេសផ្សេងៗទៀត។


 
លោក ម៉ៅ ឌុន នាយករដ្ឋបាលខេត្តត្បូងឃ្មុំ

ទោះជាយ៉ាងណា លោក ម៉ៅ ឌុន ពុំបានដឹងច្បាស់ថា ដើមពោធិលោកតាក្រហមក មានអាយុកាលប៉ុន្មានឱ្យច្បាស់លាស់ឡើយ ដោយលោកគ្រាន់តែបញ្ជាក់ថា វាមានអាយុរយឆ្នាំមកហើយ។ 
លោក ម៉ៅ ឌុន អះអាងដូច្នេះ៖«ពេលនេះគេកំពុងលើកវាឡើងបញ្ឈរហើយ មេព្រៃគាត់អ្នកដាំ។ វាមិនងាប់ទេ វាគ្រាន់តែរលើងគល់ ដាក់ជីនិងថែទាំ អាចរស់ហើយ។ ដើមពោធិនោះកើតក្រោយដើមពោធិទុំទាវ វាមានអាយុរយឆ្នាំដែរ តែខ្ញុំមិនច្បាស់ថាអាយុប៉ុន្មានទេ ហើយប្រវត្តិដើមពោធិនោះ ក៏ខ្ញុំមិនច្បាស់ដែរ»។
 
ពាក់ព័ន្ធនឹងការយល់ច្រឡំរបស់មហាជន នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ម៉ៅ ឌុន បានបញ្ជាក់ថា ដើមពោធិជើងខាល(ប្រវត្តិស្នេហ៍ទុំទាវ) ដែលមានចម្ងាយប្រមាណ៧០ម៉ែត្រពីដើមពោធិលោកតាក្រហមក តាំងពីដើមរហូតដល់បច្ចុប្បន្ន ពុំធ្លាប់មានប្រវត្តិដួលរលំឡើយ៕ 


 

Tag:
 ដើមពោធិ
  លោកតាក្រហមក
© រក្សាសិទ្ធិដោយ thmeythmey.com