WingMall អនុញ្ញាតឱ្យសប្បុរសជន ទិញស្បៀងជួយដល់ជនរងគ្រោះដោយជំងឺកូវីដ១៩
អត្ថបទពាណិជ្ជកម្ម
WingMall អនុញ្ញាតឱ្យសប្បុរសជន ទិញស្បៀងជួយដល់ជនរងគ្រោះដោយជំងឺកូវីដ១៩
08, May 2021 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុងកាលៈទេសៈនេះ យើងដឹងថា អ្នកណាក៏មានភាពតានតឹងដែរ ប៉ុន្តែក៏ជឿជាក់ថា យើងខ្ញុំ អាចចែករំលែកក្តីសង្ឃឹម ដល់អ្នកដែលទីទ័លបំផុតបាន។ ដូច្នេះ វីង បានបង្កើតជាកម្មវីធី កុម្ម៉ង់អាហារសប្បុរស នៅលើវីងម៉ល(WingMall) ដើម្បីចែកជូនដល់បងប្អូនខ្វះខាត ។
 
សប្បុរសជនទាំងឡាយ អាចបញ្ជាទិញ អង្ករ មី ត្រីខ ទឹកត្រី និងម្ហូបអាហារជាច្រើនផ្សេងទៀតតាមរយៈ វីងម៉ល ក្នុងកម្មវិធីស្មាតហ្វូនវីង (Wing App) អ្នកនឹងអាចជ្រើសរើសទីតាំង ដែលមានអ្នកខ្វះខាតជាច្រើនដូចជា ផ្សារចាស់ ផ្សារកណ្ដាល វត្តនាគវន្ត័ មុខវាំង ឬអាចផ្តល់លេខទំនាក់ទំនង ហើយក្រុមអ្នកដឹកជញ្ជូនវីងម៉ល នឹងនាំយកអាហារ និងសម្ភារទាំងនោះ ចែកជូនដល់អ្នកខ្វះខាតពិតប្រាកដ ដោយឥតគិតថ្លៃសេវា។
 
លោកស្រី សួស ពៅមាលា ប្រធានជាន់ខ្ពស់ ប្រតិបត្តិអាជីវកម្ម  វីងម៉លបានមានប្រសាសន៍ថា៖ «នេះ ជាពេលវេលាដ៏សែនលំបាកមួយ ចំពោះលោកអ៊ុំ លោកតា ធាក់ស៊ីក្លូ អ្នករើសអេដចាយ កម្មករសំណង់ជាច្រើន កំពុងជួបបញ្ហាខ្វះអាហារបរិភោគ។ សម្រាប់អ្នកខ្វះខាតមួយចំនួន អាហារមួយកញ្ចប់ ឬសម្ភារមួយចំនួន មិនត្រឹមតែចម្អែតតែមួយក្រពះប៉ុណ្ណោះទេ តែជាការលើកទឹកចិត្ត ការរួមសុខរួមទុក្ខ និងផ្តល់ក្តីសង្ឃឹមដល់ពួកគាត់»។ 
លោកស្រីបានបន្តថា រាល់ទំនិញដែលត្រូវបានកុម្ម៉ង់ដោយអតិថិជន នឹងត្រូវដឹកជូនដល់ក្រុមគោលដៅយ៉ាងពិតប្រាកដ និងមិនមានបាត់បង់អ្វីឡើយ។
 
ស្ថិតក្នុងវ័យ៧៤ឆ្នាំ លោក ឈុន ថន អ្នកធាក់ស៊ីក្លូជាង៣០ឆ្នាំ នៅម្តុំផ្សារថ្មី បាននិយាយទាំងក្តុកក្តួលថា៖« មួយរដូវកូវីដនេះ រកអីហូបស្ទើរតែមិនបាន។ ព្រឹកមិញអង្គុយចាំដឹកម៉ូយ ប៊ិះអត់អីហូប។ សំណាងចេះ មានគេឲ្យបាយថ្ងៃត្រង់ ទុកហូបពីរនាក់យាយនៅផ្ទះ»។ លោក ថន ក៏បានបង្ហាញក្តីត្រេកអរ ចំពោះការផ្តួចផ្តើមឲ្យមានកម្មវិធី កុម្ម៉ង់អាហារសប្បុរស នៅលើ វីងម៉ល ហើយលោកសង្ឃឹមថា នឹងមានអ្នកបរិច្ចាគច្រើន ដើម្បីជួយដល់ជនទីទាល់ដូចជារូបគាត់។
 
ដើម្បីចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ លោកអ្នកអាចយល់ដឹង ពីវិធីបរិច្ចាគ តាមរយៈវីដេអូដែលមានការណែនាំ យ៉ាងលំអិត តាមរយៈ តំណភ្ជាប់ខាងក្រោម៕ Link: https://fb.watch/5lx-ungLpC/















(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com