COVID-19
ជាតិ
រដ្ឋបាលខេត្តសៀមរាប បន្តអនុវត្តវិធានការដ្ឋបាលដល់ថ្ងៃទី២១ ខែឧសភា
08, May 2021 , 10:41 am        
រូបភាព
ដោយ:
រដ្ឋបាលខេត្តសៀមរាប បានសម្រេចបន្តការអនុវត្តវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃបន្ថែម ទៀត ពោលគឺរហូតដល់ថ្ងៃទី២១ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​។ ​នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៨ ខែឧសភា។

 
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ទៀតថា នៅអំឡុងការបន្តអនុវត្តវិធានការរដ្ឋបាលនេះ តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ នឹងមិនត្រូវអនុញ្ញាតឱ្យអតិថិជន អាចចូលមកទទួលទានអាហារ ភេសជ្ជៈ ឬគ្រឿងស្រវឹង ក្នុងទីតាំងអាជីវកម្មរបស់ខ្លួន នៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺនោះទេ ប៉ុន្តែ​អាជីវកម្មទាំងនោះ អាចលក់ជាលក្ខណៈខ្ចប់បាន។
 
សេចក្តីជូនដំណឹងដដែលបន្តទៀតថា ការជួបជុំមនុស្សច្រើន ក៏ត្រូវបានហាមប្រាមដែរ លើកលែងការជួបជុំជាលក្ខណៈគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា។ ទោះជាយ៉ាងនេះ ​ការជួបជុំរៀបចំពិធីបុណ្យសព ត្រូវបានលើកលែង ប៉ុន្តែត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។ទន្ទឹមនឹងនេះ ​ការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវបានអនុញ្ញាត។
 
​ការធ្វើចរាចរណ៍ក្នុងភូមិសាស្រ្តខេត្តសៀមរាប នៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ  លើកលែងចំពោះការធ្វើដំណើរមូលហេតុសុខភាពបន្ទាន់ ការធ្វើដំណើររបស់ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ ក្រុមពន្លត់អគ្គិភ័យ  រថយន្តកុងតឺនឺ រថយន្តដឹកទំនិញ និងការដឹកជញ្ជូនម្ហូបអាហារផងដែរ។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប ដែលបន្ថែមទៀតថា ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី និងការធ្វើដំណើរចាំបាច់ផ្សេងៗ ដែលអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ក៏​ត្រូវបានលើកលែងផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com