អន្តរជាតិ
តើអ្វីទៅជា«ភ្លៀងអាស៊ីត»?
08, May 2021 , 9:29 pm        
រូបភាព
នៅក្នុងតំបន់មួយចំនួន វត្តមានទឹកភ្លៀងគឺជាឱកាសយ៉ាងសំខាន់ក្នុងការស្តុកទុកសម្រាប់ការប្រើប្រាស់ការបរិភោគ លាងសម្អាត ឬប្រើប្រាស់សម្រាប់សកម្មភាពកសិកម្មនានា។ ប៉ុន្តែនៅក្នុងបរិបទនៃការបំពុលបរិស្ថាននេះ តើទឹកភ្លៀងនឹងមានលក្ខណៈទៅជាយ៉ាងដូចម្តេចវិញ? តើភ្លៀងអាស៊ីតកើតមកពីអ្វី? ហើយវាអាចបង្កបញ្ហាអ្វីខ្លះ?

 
បើតាមទូរទស្សន៍ National Geographic ភ្លៀងអាស៊ីត (Acid Rain) ជាលំនាំបរិយាកាសទាំងឡាយណាដែលមានផ្ទុកសារធាតុនីទ្រិច និងអាស៊ីតស៊ុលផួរិចខ្ពស់។ វាក៏អាចជាលំនាំបែបព្រិល អ័ព្វ ឬផង់តូចៗដទៃទៀតដែលធ្លាក់ចុះពីបរិយាកាស។ ទឹកភ្លៀងធម្មតាអាចមានកម្រិត pH ប្រមាណជា៥,៦។ ដោយឡែក ទឹកភ្លៀងអាស៊ីតអាចមានកម្រិត pH រវាង ៤,២ ឬ៤,៤ ។ 

មូលហេតុនៃភ្លៀងអាស៊ីត 
 
ដំណាំដែលស្អុយរលួយ និងផ្សែងភ្នំភ្លើងជាមូលហេតុមួយចំនួនដែលបង្កើតឲ្យមានភ្លៀងអាស៊ីតដែរ។ ប៉ុន្តែសកម្មភាពរបស់មនុស្សក៏ជាមូលហេតុចម្បងផងដែរ ជាពិសេសការបំពុលដែលចេញពីរោងចក្រផលិតអគ្គីសនីដើរដោយធ្យូងថ្ម រោងចក្រនានា និងយានយន្តរាប់រយលានគ្រឿងដែលមាននៅតាមដងផ្លូវ។ នៅពេលដែលមនុស្សដុតឥន្ធនៈផូស៊ីល សារធាតុស៊ុលផួឌីអុកស៊ីត និងអាសូតអុកស៊ីតត្រូវបានបំភាយចេញទៅកាន់បរិយាកាស។ សារធាតុទាំងនេះនឹងទៅមានប្រតិកម្មគីមីជាមួយទឹក និងអុកស៊ីសែនដែលមាននៅក្នុងបរិយាកាសដើម្បីបង្កើតទៅជានីទ្រិច និងអាស៊ីតស៊ុលផួរិច។ បរិយាកាសខាងលើអាចនាំយកសារធាតុទាំងនេះក្នុងរយៈចម្ងាយរាប់រយគីឡូម៉ែត្រមុននឹងធ្លាក់មកលើស្រទាប់ផែនដីវិញ។ 
 
ឥទ្ធិពលនៃភ្លៀងអាស៊ីត 
 
ភ្លៀងអាស៊ីតបង្កផលប៉ះពាល់ជាច្រើនទៅកាន់បរិស្ថានធម្មជាតិជាពិសេសទៅលើប្រភពទឹកដូចជាបឹង ទន្លេ ឬតំបន់ដីសើមជាដើម។  ភ្លៀងអាស៊ីត ធ្វើឱ្យដី និងទឹកមានជាតិអាស៊ីតខ្លាំងដែលមិនអាចឱ្យសត្វមួយចំនួនរស់នៅកើត។ បើទោះបីជាសត្វមួយចំនួនអាចទ្រាំទ្រជាមួយនឹងកម្រិតកើនឡើងនៃអាស៊ីតក្តី ការងាប់នៃក្រុមសត្វមួយប្រភេទអាចជះឥទ្ធិពលខ្លាំងទៅលើបណ្តាញ ឬខ្សែអាហាររបស់សត្វដទៃទៀតទាំងមូល។ 
 
ភ្លៀងអាស៊ីតក៏អាចទៅបំផ្លាញសុខភាពព្រៃឈើដោយការកាត់បន្ថយបរិមាណកាល់ស្យូម និងបន្ថែមបរិមាណអាលុយមីញូមនៅក្នុងដី ដែលអាចធ្វើឲ្យដើមឈើពិបាកនឹងស្រូបយកទឹក រួមទាំងងាយទទួលរងបញ្ហានៅក្នុងអាកាសធាតុត្រជាក់ ជំងឺ និងសត្វល្អិតនានា។ ភ្លៀងអាស៊ីតក៏អាចជះឥទ្ធិពលអាក្រក់ទៅកាន់សំណង់របស់មនុស្ស និងយានយន្តផងដែរ។ លើសពីនេះទៅទៀត វាក៏អាចធ្វើឲ្យមានបញ្ហាមួយចំនួនទៅកាន់រាង្គកាយរបស់មនុស្ស ដូចជាបញ្ហាក្រហាយភ្នែក ឬបញ្ហាទាក់ទងនឹងសួត។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com