ជាតិ
ទិវាមាតា! សារ «កូនស្រឡាញ់ម៉ែ» ត្រូវបានបង្ហោះពេញបណ្តាញសង្គម
× វប្បធម៌បរទេស មិនមែនសុទ្ធតែមិនអាចទទួលយកបានទាំងអស់នោះទេ។ នៅថ្ងៃនេះ យុវជនកម្ពុជា និងយុវជនដទៃនៅលើសកលលោក បានបង្ហាញនូវមនោសញ្ចេតនារបស់ខ្លួនចំពោះអ្នកម្តាយជាមួយនឹងក្តី ស្រឡាញ់ និងការដឹងគុណខ្ពស់។
តាមពិតទិវាមាតា (Mother’s Day) មិនមែនជាប្រពៃណីរបស់ខ្មែរឡើយ ប៉ុន្តែចរន្តនៃការប្រារព្ធទិវានេះ កាន់តែមានការផុសផុលនៅកម្ពុជា ហើយអារម្មណ៍ និងមនោសញ្ចេតនាផ្សេងៗរបស់យុវវ័យបានស្តែងឲ្យឃើញតាមរយៈការសរសេរ ការដាក់រូបភាព នៅលើគណនីហ្វេសប៊ុករបស់ពួកគេ។
ទិវាមាតាត្រូវបានផ្តួចផ្តើមរៀបចំលើកដំបូងនៅក្នុងឆ្នាំ១៩០៨ នៅសហរដ្ឋអាមេរិក ដោយលោកស្រី Anna Jarvis ដើម្បីឧទ្ទិសដល់ពលិកម្មគ្រប់បែបយ៉ាងរបស់ស្ត្រីដែលជាម្តាយគ្រប់រូប ដោយទិវានេះ វិវត្តមកពីទិវា Mothering Sunday របស់អង់គ្លេសនាសតវត្សរ៍ទី១៥ ។
នៅឆ្នាំ១៩១៤ ចក្រភពអង់គ្លេសបានធ្វើឲ្យទិវានេះមានលក្ខណៈផុសផុល រីឯអាល្លឺម៉ង់ចាប់ផ្តើមប្រារព្ធជាផ្លូវការក្នុងឆ្នាំ១៩២៣ ហើយប្រទេសបែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ អ៊ីតាលី តួកគី និងអូស្ត្រាលី បាននាំគ្នាប្រារព្ធជាបន្តបន្ទាប់។
ពុំមានការកំណត់ថ្ងៃជាក់លាក់ឡើយក្នុងការប្រារព្ធទិវានេះ ដោយប្រទេសខ្លះយកចំថ្ងៃនៃទិវាសិទ្ធិនារីអន្តរជាតិ ប្រទេសខ្លះមានពេលវេលា និងឈ្មោះហៅទិវានេះ ប្លែកៗពីគ្នា រីឯប្រទេសកម្ពុជាបាននិយមតាមប្រទេសមួយចំនួនដែលប្រារព្ធទិវានេះ នៅចំថ្ងៃអាទិត្យ សប្តាហ៍ទី២នៃខែឧសភា។
មិនមានការរិៈគន់បើកចំហរណាមួយឡើយចំពោះចលនានៃការប្រារព្ធទិវា បែបនេះ ពីព្រោះទាំងអស់គ្នាសុទ្ធតែយល់ថា វាមិនមានការខាតបង់ប្រយោជន៍អ្វីឡើយ ផ្ទុយទៅវិញ វាជាពេលវេលាដ៏ពិសេសសម្រាប់បុត្រធីតា ក្នុងការបង្ហាញសេចក្តីស្រឡាញ់ និងគោរពដ៏ជ្រាលជ្រៅរបស់ខ្លួនចំពោះអ្នកម្តាយ។
ទោះបីជាយ៉ាងណាក៏ដោយ កូនៗទាំងអស់ ត្រូវយល់ថា ការគោរពស្រឡាញ់ចំពោះឪពុកម្តាយ មិនមានថ្ងៃណាពិសេសឡើយ ពោលគឺរាល់ថ្ងៃ ហើយក្តីស្រឡាញ់ក៏មិនមែនបញ្ចេញតែតាមបណ្តាញសង្គមនោះដែរ ដោយត្រូវការសកម្មភាពរួមជាមួយគ្នា៕
ម្តាយម្នាក់រង់ចាំផ្តត់ផ្គង់ចំណីអាហារដល់កូនដែលត្រូវប្រឡងសញ្ញាបត្របាក់ឌុបកាលពីឆ្នាំ២០១៩
© រក្សាសិទ្ធិដោយ thmeythmey.com