អន្តរជាតិ
អាហ្វហ្កានីស្ថាន៖ អ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់ក្បែរសាលារៀនក្នុងក្រុងកាប៊ុលកើនដល់ជាង៥០នាក់
09, May 2021 , 5:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ ជា ពេជ្រដាឡែន

អ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកក្បែរសាលារៀនក្នុងរដ្ឋធានីកាប៊ុលកើនដល់ជាង៥០នាក់ហើយ។ មន្ត្រីអាហ្វហ្កានីស្ថានបញ្ជាក់បែបនេះនៅថ្ងៃទី៩ ខែឧសភា។ មិនទាន់មានក្រុមណាចេញមកទទួលខុសត្រូវនៅឡើយទេ ខណៈក្រុមតាលីបង់បដិសេធការចោទរបស់រដ្ឋាភិបាលលើពួកគេ។

 
មន្ត្រីអាហ្វហ្កានីស្ថានបញ្ជាក់ថា គ្រាប់បែកបានផ្ទុះក្បែរអនុវិទ្យាល័យនារីមួយកន្លែងក្នុងខណ្ឌ Dasht-e-Barchi នៃរដ្ឋធានីកាប៊ុលនៅថ្ងៃទី៨ ខែឧសភា ដែលជាសហគមន៍ជនជាតិ Hazara ប្រកាន់និកាយស៊ីអ៊ីត។ មនុស្សយ៉ាងហោចណាស់៥០នាក់ បានស្លាប់ដោយមានទាំងសិស្សសាលាផង ព្រោះជាពេលចេញពីរៀន និងប្រជាជនដែលទិញអីវ៉ាន់ក្បែរៗនោះសម្រាប់ត្រៀមពិធីបុណ្យ Eid-al-Fitr នៅសប្ដាហ៍ក្រោយ។
 
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន Hamid Roshan ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការស៊ើបអង្កេតបានចាប់ផ្ដើមហើយ។ 
 
«ខ្ញុំបានឃើញស្ត្រីម្នាក់ពិនិត្យមើលសាកសព ហើយហៅរកកូនស្រីរបស់គាត់។ ស្ត្រីម្នាក់នោះក៏បាន រកឃើញកាបូបប្រឡាក់ឈាមរបស់កូនស្រីគាត់ បន្ទាប់មកដោយភាពតក់ស្លុត គាត់ក៏បានដួលសន្លប់លើដី»។ លោកស្រី Reza ជាសាក្សីម្នាក់រៀបរាប់ប្រាប់ AFP បែបនេះ។ បើតាមសាក្សីនានា ការផ្ទុះមានដល់ទៅបីលើកផ្សេងៗគ្នា។ 
 
ការផ្ទុះនេះត្រូវបានគេជឿថា បណ្តាលមកពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដែលចតក្បែរសាលារៀន និង ឧបករណ៍បំផ្ទុះកែច្នៃពីរទៀតដែលត្រូវបានដាក់នៅក្នុងតំបន់នោះ។ រដ្ឋាភិបាលអាហ្គានីស្ថាន បាន បន្ទោសក្រុមសកម្មប្រយុទ្ធតាលីបង់ចំពោះការវាយប្រហារនេះ ប៉ុន្តែក្រុមនេះបានបដិសេធថា ខ្លួនមិន មានការពាក់ព័ន្ធណាមួយឡើយចំពោះរឿងមួយនេះ។ កន្លងមក សហគមន៍ Hazara នេះ តែងរងគ្រោះដោយសការបំផ្ទុះជារឿយៗពីសំណាក់ក្រុមសកម្មជននិកាយស៊ូនី៕

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com