ជាតិ
សុខភាព
កូវីដ-១៩ រាលដាលពេញ២៥រាជធានី-ខេត្ត ក្រោយរតនគិរីរកឃើញ២ករណីដំបូង
10, May 2021 , 2:23 pm        
រូបភាព
លោក ថង សាវុន អភិបាលខេត្តរតនគិរី
លោក ថង សាវុន អភិបាលខេត្តរតនគិរី
រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩(COVID-19) លើបុរសជនជាតិខ្មែរ២នាក់ ដោយម្នាក់មានវ័យ ១៨ឆ្នាំ និងម្នាក់ទៀត មានវ័យ៣៤ឆ្នាំ។ ការរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសទាំង២នាក់នេះ បានធ្វើឱ្យរតនគិរី ក្លាយជាខេត្តចុងក្រោយរបស់កម្ពុជា ដែលមានករណីឆ្លងកូវីដ-១៩។

 
បុរស២នាក់ដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តរតនគីរីនោះ មានឈ្មោះ នីម អេង មានអាសយដ្ឋាននៅភូមិស្រីដៃ ឃុំបឹងក្រាញ់ ស្រុកសំរោង ខេត្តតាកែវ និងឈ្មោះ គង់ វីន  មានអាសយដ្ឋាននៅភូមិស្រែសង្គម ឃុំត្រពាំងច្រេស ស្រុកកូនក្រមុំ ខេត្តរតនគិរី។ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនារសៀលថ្ងៃទី១០ឧសភា ឆ្នាំ២០២១ ថា បច្ចុប្បន្នបុរសទាំង២នាក់ កំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលព្យាបាលកូវីដ-១៩កម្រិតស្រាល  ក្នុងវិទ្យាល័យត្រពាំងក្រហម។ 
 
លោក ថង សាវុន បន្តរៀបរាប់ថា មកដល់ពេលនេះខាងមន្តី្រជំនាញពុំទាន់រកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោល ជាមួយអ្នកជំងឺទាំង២នាក់ឡើយ ខណៈអភិបាលខេត្តរូបនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោលជាមួយអ្នកជំងឺខាងលើ សូមរួសរាន់មកជួបជមួយគ្រូពេទ្យដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ។ 
 
មកដល់ពេលនេះ ជំងឺកូវីដ-១៩ បានឆ្លងរាលដាលគ្រប់២៥រាជធានី/ខេត្ត ដោយរតនគិរី គឺជាខេត្តចុងក្រោយដែលប្រកាសរកឃើញករណីឆ្លងនូវជំងឺនេះ។ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប១៩,៧៤៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន១១៩២៣នាក់ ខណៈករណីនាំចូល៥៧៨ករណី។ ចំណែកអ្នកជាសះស្បើយ៧,៨២០នាក់ និង១២៦នាក់ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩៕ 
 
 

Tag:
 រតនគិរី
  លោក ថង សាវុន
© រក្សាសិទ្ធិដោយ thmeythmey.com