ជាតិ
សុខភាព
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត មកដល់កម្ពុជាហើយ
11, May 2021 , 10:15 am        
រូបភាព
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស របស់ចិន ដែលដឹកមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១១ឧសភា ឆ្នាំ២០២១។
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស របស់ចិន ដែលដឹកមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១១ឧសភា ឆ្នាំ២០២១។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិនបានដឹកមកដល់ហើយ នាព្រឹកថ្ងៃទី១១ឧសភានេះ។ ការទទួលបានបន្ថែមនូវវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ-១៩ សរុប៤,៥២៤,០០០ដូស ដែលកំពុងចាក់ជូនប្រជាពលរដ្ឋ។

 
 
កម្ពុជា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ និងកងកម្លាំងយោធាបានចំនួន១,៨២៥,៤៨៨នាក់ហើយ ដែលស្មើនឹងជាង១៨ភាគរយនៃចំនួន១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ នេះបើយោងតាមតួលេខផ្សេងគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នៅថ្ងៃទី១០ឧសភា។ 
ក្នុងចំណោមមនុស្សជាង១,៨លាននាក់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះ  មានជិត៤៥ម៉ឺននាក់ ជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ ។ រដ្ឋាភិបាលសម្រុកចាក់វ៉ាក់សាំងដល់អ្នកនៅតំបន់ក្រហម ក្នុងរាជធានីឱ្យអស់នៅក្នុងខែឧសភា ឆ្នាំ២០២១។ 


 
បើតាមប្រសាសន៍សម្តេច ហ៊ុន សែន កន្លងមក វ៉ាក់ស៊ីណូវ៉ាក់៥០ម៉ឺនដូសទៀតនឹងមកដល់កម្ពុជា នៅថ្ងៃទី១៥ឧសភា ឆ្នាំ២០២១ ហើយនឹងបន្តដឹកមកជាបន្តបន្ទាប់ថែមទៀត ។ តាមផែនការរៀបចំដោយរាជរដ្ឋាភិបាល  សម្រាប់ខែឧសភានេះ  កម្ពុជាគ្រោងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣លានដូស, ខែមិថុនា នឹងទទួលបាន៣លានដូស, ខែកក្កដា នឹងទទួលបាន១លានដូស, ខែសីហា នឹងទទួលបាន ១លានដូស និងខែកញ្ញា ឆ្នាំ២០២១  នឹងទទួលបានវ៉ាក់សាំង ចំនួន១,៥លានដូសបន្ថែមទៀត៕






 

Tag:
 វ៉ាក់សាំង
  Sinovac
© រក្សាសិទ្ធិដោយ thmeythmey.com