កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួបផ្តាច់ព្រ័ត្រ UCL រវាង Man City និង Chelsea ទំនងជាត្រូវរើទៅព័រទុយហ្កាល់
11, May 2021 , 12:59 pm        
រូបភាព
ព័រទុយហ្កាល់ជាបេក្ខភាពនាំមុខគេក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រវាង Manchester City ទល់និង Chelsea។ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) មានគម្រោងប្តូរទីតាំងប្រកួតពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដោយសារប្រទេសនេះកម្រិតលើការធ្វើដំណើររបស់អង់គ្លេស ជុំវិញបញ្ហាកូវីដ-១៩។


UEFA និងមន្ត្រីរដ្ឋាភិបាលអង់គ្លេស រួមជាមួយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បានជួបគ្នានៅថ្ងៃទី១០ ខែឧសភាដើម្បីពិភាក្សាពីការផ្លាស់ប្តូរទីតាំងការប្រកួតរវាងក្រុមតោខៀវ Chelsea និងមេឃខៀវ ពីទីក្រុងអ៊ីស្តង់ប៊ុល។
 
ក្រោយមក UEFA បានសម្រេចថា នឹងត្រូវផ្លាស់ប្តូរជាដាច់ខាត បន្ទាប់ពីតួកគីបានដាក់ការហាមឃាត់ការធ្វើដំណើររបស់អង់គ្លេសចូលប្រទេសខ្លួនដោយបារម្ភការឆ្លងកូវីដ-១៩។ នេះមានន័យថាអ្នកគាំទ្ររបស់ក្រុមយក្សអង់គ្លេសទាំងពីរមិនអាចទៅគាំទ្រក្រុមរបស់ពួកគេបានឡើយ។
 
ព័រទុយហ្កាល់ បានក្លាយជាប្រទេសដែលស្ថិតក្នុងបញ្ជីរបស់ UEFA សម្រាប់ដឹកនាំការប្រកួតផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបរដូវកាលនេះជំនួសតួកគី ដែលត្រូវធ្វើនៅរាត្រីថ្ងៃទី២៩ ខែឧសភា។ ព័រទុយហ្កាល់ មិនបានដាក់បម្រាមលើប្រទេសណាដើម្បីចូលប្រទេសខ្លួនឡើយ អំឡុងពេលនេះ។
 
ដំបូងឡើយ កីឡដ្ឋាន Wembley ឯណោះទេដែលត្រូវជំនួសសម្រាប់ជំនួបផ្តាច់ព្រ័ត្ររវាង Man City និង Chelsea ប៉ុន្តែដោយសារដ្ឋាភិបាលអង់គ្លេស ដែលរហូតមកដល់ពេលនេះមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយ UEFA នោះ ទើបត្រូវរកកន្លែងថ្មីមួយទៀត ហើយមានសុវត្ថិភាពផង។
 
កីឡដ្ឋាន Estádio do Dragão របស់ FC Porto ត្រូវបានគេជឿជាក់ថាជាកន្លែងដែលមានសក្តានុពលដើម្បីដឹកនាំការប្រកួតនេះ ខណៈទីលាន José Alvalade របស់ Sporting Lisbon ដែលបានធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនក៏ជាបេក្ខភាពមួយផងដែរ៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com