កីឡាអន្តរជាតិ
អន្តរជាតិ
ចិន កោះហៅកីឡាករបរទេសចូលសញ្ជាតិ៥រូបក្នុងការប្រកួតជម្រុះ World Cup ជុំទី២
12, May 2021 , 8:29 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន នៅថ្ងៃទី១០ ខែឧសភា បានកោះហៅកីឡាករបរទេសដល់ទៅ៥រូបឱ្យចូលហ្វឹកហាត់ ដើម្បីជួយក្រុមក្នុងការប្រកួតជម្រុះ World Cup 2022 ជុំទី២ តំបន់អាស៊ី។


កីឡាករបរទេស ៥រូបដែលគ្រូបង្វឹកក្រុមជម្រើសជាតិចិនលោក Li Tie បានជ្រើសរើសរួមមានការពារឆ្នើមជនជាតិអង់គ្លេស Tyias Browning និងខ្សែបម្រើ Nico Yennaris រួមទាំងកីឡាករប្រេស៊ីល៣រូបទៀតដូចជាខ្សែប្រយុទ្ធ Elkeson, Alan Carvalho និង Fernandinho។
 
Browning, Elkeson, Carvalho និង Fernandinho ស្ថិតក្នុងចំណោមកីឡាករទាំង ៧ របស់ក្លិប Guangzhou FC នៃលីគកីឡាបាល់ទាត់កំពូលចិន ដែលលោក Tie កោះហៅឱ្យចូលក្រុមច្រើនជាងគេក្នុងយុទ្ធនាការជម្រុះពានពិភពលោកនៅចុងខែឧសភា ដើម្បីឆ្ពោះទៅកាតានៅឆ្នាំ២០២២ ។
 
ក្នុងចំណោមកីឡាករទាំង២៦រូប ដែលអតីតសមាជិកក្រុម Everton ហៅទៅជំរុំហ្វឹកហាត់ ដែលចាប់ផ្តើមពីថ្ងៃទី១៤ ខែឧសភា មានកីឡាករដែលប្រកបអាជីពតែមួយរូបប៉ុណ្ណោះ គឺ Wu Lei របស់ក្រុម Espanyol នៃលីគអេស្ប៉ាញ។
 
ចិនបច្ចុប្បន្នស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ ពូល A ដោយតាមពីក្រោយក្រុមកំពូលតារាងស៊ីរីដល់ទៅ៨ពិន្ទុ។ ចិនរកបាន៧ពិន្ទុពីការប្រកួត៤លើក ឯស៊ីរីមាន១៥ពិន្ទុពីការប្រកួត៥លើក។ ហ្វីលីពីនឈរលេខ៣មាន៧ពិន្ទុ ម៉ាល់ឌីវ មាន៦ពិន្ទុនៅលេខ៤ ឯកោះហ្គាំមនៅបាតតារាងគ្មានពិន្ទុរាប់។
 
ការប្រកួតដែលនៅសល់ក្នុងពូល A គ្រោងនឹងធ្វើឡើងនៅប្រទេសចិនចាប់ពីថ្ងៃទី៣០ ខែឧសភារហូតដល់ថ្ងៃទី១៥ ខែមិថុនា។ ក្នុងការប្រកួតជម្រុះជុំទី២ ទ្វីបអាស៊ីទាំង៨ពូល ក្រុមដែលទទួលបានចំណាត់ថ្នាក់ទី១ក្នុងពូលនីមួយៗ ទើបទទួលបានកៅអីទៅវគ្គជម្រុះជុំទី៣បន្តទៀត៕
 

Tag:
 World Cup
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com