កីឡាអន្តរជាតិ
អន្តរជាតិ
Buffon ប្រកាសចាកចេញពី Juventus ម្តងទៀត ប៉ុន្តែមិនទាន់ចូលនិវត្តន៍ទេ
12, May 2021 , 1:04 pm        
រូបភាព
អ្នកចាំទី Gianluigi Buffon នឹងចាកចេញពី Juventus ជាលើកទី២ នៅចុងបញ្ចប់រដូវកាលនេះ។ អតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលី វ័យ៤៣ឆ្នាំ នៅតែចង់ចូលរួមជាមួយក្លិបផ្សេង ដោយមិនទាន់គិតពីការចូលនិវត្តន៍ឡើយ។


 
Buffon បានត្រឡប់ពី Paris St-Germain នៅឆ្នាំ២០១៩ ក្រោយចាកចេញពីសេះបង្កង់ទៅចូលរួមជាមួយក្លិបយក្សបារាំងនេះមួយរដូវកាល។ រូបគេ បានផ្លាស់ពី Parma ទៅ Juventus នៅឆ្នាំ ២០០១។
 
អ្នកចាំទីចាស់វស្សា ដែលធ្លាប់ជួយ Juventus ឈ្នះពានរង្វាន់ Serie A ចំនួន ១០សម័យកាល និងពានរង្វាន់អ៊ីតាលី Cup ៤លើក បានប្រកាសជាថ្មីថារូបគេនឹងចាកចេញពីក្លិបយក្សអ៊ីតាលីមួយនេះជាលើកទី២ នាចុងបញ្ចប់រដូវកាល ២០២០-២១។
 
Buffon បានប្រាប់ទូរទស្សន៍ beIN Sports ថា៖ «យើងបានឈានដល់ចុងបញ្ចប់នៃកិច្ចសន្យា ដូច្នេះនេះជាពេលដ៏ត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការឈប់សម្រាកពីទីនេះ។ បទពិសោធដ៏ល្អៗ និងវែងយូរអង្វែងជាមួយ Juventus នឹងមកដល់ទីបញ្ចប់ក្នុងឆ្នាំនេះ»។
 
អ្នកចាំទីដែលជួយអ៊ីតាលីឈ្នះ World Cup ឆ្នាំ ២០០៦ បន្ថែមថា រូបគេនឹងមិនទាន់ចូលនិវត្តន៍ពីជីពនេះឡើយ ប្រសិនបើអាចរកបានក្លិបលេងបន្តទៀត។
 
សម្រាប់ Juventus ក្រោមការដឹកនាំរបស់លោក Andre Pirlo កំពុងត្រដាបត្រដួសដោយប្រឈមនឹងមិនបានលេង Champions League រដូវកាលក្រោយ។ បច្ចុប្បន្ន សេះបង្កង់ស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងរាង Serie A ដោយរកបាន៦៩ពិន្ទុ ពីការប្រកួត៣៥លើក តាមពីក្រោយក្រុមលេខ៤ AC Milan ចំនួន៣ពិន្ទុ ខណៈការប្រកួតនៅសល់៣លើកទៀតប៉ុណ្ណោះនឹងបច្ចប់រដូវកាលនេះ៕
 

Tag:
 Gianluigi Buffon
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com