ជាតិ
សុខភាព
ក្រសួងការពារជាតិ នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់អ្នកតំបន់ក្រហមឱ្យអស់ ត្រឹមថ្ងៃទី១៥ឧសភា
12, May 2021 , 2:52 pm        
រូបភាព
គ្រូពេទ្យរបស់ក្រសួងការពារជាតិ កំពុងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ឧសភា ឆ្នាំ២០២១។ រូបថត៖ លោកឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
គ្រូពេទ្យរបស់ក្រសួងការពារជាតិ កំពុងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ឧសភា ឆ្នាំ២០២១។ រូបថត៖ លោកឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
ក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងឱ្យពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ បានចំនួន ៤៩៦,៤០៧នាក់ហើយ ក្នុងនោះស្ត្រី២៦៦,៦៤៣នាក់ ក្នុងរយៈពេល ១១ ថ្ងៃមកនេះ។ លោក ឥត សារ៉ាត អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានអះអាងប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទថា ក្រុមគ្រូពេទ្យ នឹងខិតខំចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតំបន់ក្រហម នូវដូសទី១ ដែលមានជិត៦០ម៉ឺននាក់ឱ្យអស់ នៅត្រឹមថ្ងៃទី១៥ឧសភា ឆ្នាំ២០២១។

 

 
ប្រជាពលដែលរស់នៅ ក្នុងតំបន់ក្រហមនៃរាជធានីភ្នំពេញនោះ មានស្ថិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ។ បើតាមលោក ឥត សារ៉ាត ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmeyតាមទូរសព្ទ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅតំបន់ក្រហម១១ថ្ងៃមកនេះ ពោលពីថ្ងៃទី១ដល់១១ឧសភា ឆ្នាំ២០២១ ទោះមានភាពលំបាក និងស្មុគស្មាញបន្តិច ព្រោះតែស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែលទ្ធភាពនៃការចាក់សាំងកូវីដ-១៩ ជូនពលរដ្ឋនៅតំបន់នេះ គឺមានល្បឿនលឿនល្អប្រសើរ ទៅតាមផែនការកំណត់។ 
 

លោក ឥត សារ៉ាត អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម។

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩នៅតំបន់ក្រហមមកនេះ មានពលរដ្ឋមិនក្រោម ៤,៥ម៉ឺននាក់ទេក្នុងមួយថ្ងៃ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩។ លោក ឥត សារ៉ាតនិយាយដូច្នេះ៖«លទ្ធភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមគ្រូពេទ្យយើងសព្វថ្ងៃនេះ យើងជឿជាក់ថា នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋនៅតំបន់ក្រហម ដែលមានជិត៦០ម៉ឺននាក់ នូវដូសទី១ឱ្យអស់ នៅត្រឹមថ្ងៃទី១៥ឧសភា នេះ»។ 
 
ប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហមរូបនេះ បានបន្ថែមថា ទោះបីផុតថ្ងៃទី១៥ឧសភាក៏ដោយ ប្រសិនបើមានពលរដ្ឋនៅតំបន់ក្រហមរូបណាម្នាក់ មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ក្រុមការងាររបស់ក្រសួងការពារជាតិ នៅតែបន្តសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋនៅក្នុងទីតាំងដដែល ផងដែរ។
 
គិតត្រឹមថ្ងៃទី១១ឧសភា កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ និងកងកម្លាំងយោធា នៅទូទាំងប្រទេសបានសរុប ១,៨៧៧,៨៤០នាក់ ដោយក្នុងនោះជាង១,១លាននាក់ បានចាក់នូវដូសទី២រួចហើយ។  ចំនួនអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ មានអត្រាគ្របដណ្តប់ ធៀបនឹងប្រជាជនគោលដៅ១០លាននាក់នោះ គឺស្មើនឹង ១៨,៧៨ភាគរយ។ នេះបើយោងតាមតួលេខ របស់ក្រសួងសុខាភិបាល៕
 
 

Tag:
 វ៉ាក់សាំង
  COVID-19
  តំបន់ក្រហម
  លោក ឥត សារ៉ាត
© រក្សាសិទ្ធិដោយ thmeythmey.com