ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនចង់កើតជំងឺវង្វេងស្មារតី ចូរកុំរំលងអត្ថបទនេះ
12, May 2021 , 10:59 pm        
រូបភាព
វ័យកាន់តែជ្រេ គឺអាចជាកត្តាចម្បងបំផុតមួយនៃជំងឺវង្វេងស្មារតី (dementia)។ អាយុរបស់មនុស្សគ្រប់គ្នា គឺសុទ្ធតែកើនឡើងជាលំដាប់ ហើយនេះមានន័យថាសុទ្ធតែអាចប្រឈមមុខនឹងហានិភ័យនៃជំងឺវង្វេងស្មារតី (dementia)។ ទោះជាយ៉ាងណាកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗកាត់បន្ថយហានិភ័យនៃជំងឺវង្វេងស្មារតី ៖

 
១. ឈប់ជក់បារី
 
អ្នកដែលមានទម្លាប់ជក់បារី គឺប្រឈមមុខខ្ពស់ណាស់នឹងហានិភ័យនៃជំងឺវង្វេងស្មារតី។ នេះក៏ព្រោះតែការជក់បារីអាចបង្កការបំផ្លាញដល់សសៃឈាមពេញក្នុងរាងកាយ រួមបញ្ចូលទាំងសសៃឈាមដែលផ្គត់ផ្គង់អុកស៊ីសែននិងឈាមដែលមានផ្ទុកសារធាតុចិញ្ចឹមទៅកាន់ខួរក្បាល។
 
២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាប្រចាំ
 
ដើម្បីអាចផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ទៅកាន់ខួរក្បាល អ្នកក៏ចាំបាច់គួរធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាប្រចាំផងដែរ។ ប្រភេទនៃលំហាត់ប្រាណដែលល្អបំផុតសម្រាប់ប្រឆាំងនឹងជំងឺវង្វេងស្មារតីរួមបញ្ចូលទាំងការដើរ ការរត់ត្រឹកៗ ការរាំ ការជិះកង់ និងការហែលទឹក។
 
៣. ធ្វើលំហាត់ប្រាណខួរក្បាលផង
 
អ្នកអាចពង្រឹងសុខភាពខួរក្បាលតាមរយៈលំហាត់ប្រាណនៃការរៀបរូបផ្គុំ ការនិយាយភាសាបរទេស ការរៀនឧបករណ៍តន្ត្រី និងការអានសៀវភៅជាដើម។
 
​៤. បង្កើនការទទួលទានបន្លែផ្លែឈើស្រស់ៗ
 
បន្លែផ្លែឈើស្រស់ៗជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាខួរក្បាលពីរ៉ាឌីកាល់សេរី។ បន្ថែមពីនេះបន្លែផ្លែឈើ គឺគ្មានផ្ទុកកូឡេស្តេរ៉ូលឡើយ ប៉ុន្តែជាតិសសៃខ្ពស់ដែលជួយទប់ស្កាត់បញ្ហាស្ទះសសៃឈាម។
 
៥. កុំភ្លេចត្រីសម្បូរខ្លាញ់
 
ចូរព្យាយាមទទួលទានត្រីសម្បូរខ្លាញ់ឱ្យបាន ២ដងក្នុងមួយសប្តាហ៍ទើបប្រសើរសម្រាប់សុខភាពខួរក្បាលនិងសសៃឈាម។ នេះក៏ព្រោះតែត្រីសម្បូរខ្លាញ់មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣។ ទោះជាយ៉ាងណាអាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏មានផ្ទុកនៅក្នុងផ្លែបឺរ គ្រាប់ធញ្ញជាតិ គ្រាប់ពូជ និងប្រេងអូលីវ។
 
៦. កាត់បន្ថយស្ត្រេសនិងជំងឺថប់បារម្ភ
 
ស្ត្រេសពេកនិងថប់បារម្ភសឹងតែគ្រប់ពេលក៏អាចបង្កការបំផ្លាញដល់ខួរក្បាលផងដែរ។ នេះជាមូលហេតុដែលអ្នកចាំបាច់គួរព្យាយាមកម្រិតនៃភាពស្ត្រេស ព្រមទាំងភាពព្រួយបារម្ភច្រើន។ ការតាំងសមាធិអាចជាលំហាត់ប្រាណដ៏ប្រសើរបំផុតមួយដើម្បីបន្ថយភាពតានតឹងក្នុងអារម្មណ៍និងបញ្ហាថប់បារម្ភ។
 
៧. គេងឱ្យបានច្រើនគ្រប់គ្រាន់
 
ត្រូវប្រាកដថាអ្នកបានគេងស្កប់ចន្លោះពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ដើម្បីអនុញ្ញាតឱ្យរាងកាយអាចធូរស្បើយឡើងវិញយ៉ាងមានប្រសិទ្ធភាពពីបញ្ហាស្ត្រេសនិងអស់កម្លាំង។ ដូច្នេះដើម្បីអាចចៀសផុតពីហានិភ័យនៃជំងឺវង្វេងស្មារតី អ្នកចាំបាច់គួរគេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់យប់។
 
៨. ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម
 
ក្នុងកម្រិតមធ្យម គឺត្រឹម ២កែវក្នុងមួយថ្ងៃសម្រាប់បុរសនិង ១កែវក្នុងមួយថ្ងៃសម្រាប់នារី គឺអាចផ្ដល់ផលល្អសម្រាប់សុខភាព។ ទោះជាយ៉ាងណាក៏ដោយការទទួលទានច្រើនលើសពេក គឺអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភ ហើយជំងឺវង្វេងស្មារទីជាបញ្ហាសុខភាពមួយក្នុងចំណោមជំងឺផ្សេងៗទៀត៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com