កីឡាជាតិ
ជាតិ
ជម្រុះWorld Cup 2022៖ កម្ពុជានឹងចេញទៅបារ៉ែន នៅចុងខែឧសភា តាមការគ្រោងទុក
12, May 2021 , 10:29 pm        
រូបភាព
(ភ្នំពេញ): ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចេញទៅប្រទេសបារ៉ែន នៅថ្ងៃទី២៨ ខែឧសភា តាមការគ្រោងទុក ដើម្បីត្រៀមខ្លួនប្រកួតវគ្គជម្រុះWorld Cup 2022 ។ កម្ពុជា ត្រូវប្រកួត៣លើកទៀត នៅក្នុងវគ្គជម្រុះនេះ។

 
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បាននិយាយថា សហព័ន្ធកំពុងរៀបចំឯកសារកីឡាករ សម្រាប់ធ្វើដំណើរទៅប្រទេសបារ៉ែនហើយ។ បើតាមលោក សារ៉េត ក្រុមជម្រើសជាតិកម្ពុជា ត្រូវធ្វើតេស្ត និងតាមដានសុខភាព រយៈពេល៧២ម៉ោងទៀត ពេលទៅដល់ប្រទេសបារ៉ែន រីឯក្រុមដទៃទៀត ក៏ត្រូវគោរពវិធានការបែបនេះដែរ។
 
ចំពោះការហ្វឹកហាត់វិញ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនេះ បានបញ្ជាក់ថា ក្រុមជម្រើសជាតិ មិនមានការជួបជុំហ្វឹកហាត់នៅឡើយទេ ប៉ុន្តែតម្រូវឱ្យកីឡាករម្នាក់ៗ ពង្រឹងការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន។ ដ្បិតមិនបានហ្វឹកហាត់ជុំគ្នាក្តី ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជា អាចមានពេល១សប្ដាហ៍ មុនការប្រកួតនៅថ្ងៃទី៣ មិថុនា ដើម្បីប្រមូលផ្ដុំគ្នាហ្វឹកហាត់នៅប្រទេសបារ៉ែនតែម្ដង។
 
« (ក្រុមជម្រើសកម្ពុជា) ប្រហែលជាត្រូវទៅហាត់នៅបារ៉ែនតែម្ដង ពីព្រោះយើងគ្មានពេលសម្រាប់ហ្វឹកហាត់នៅក្នុងស្រុកទេ ដោយវិបត្តិកូវីដ-១៩។សម្រាប់បេក្ខជនក្រុមជម្រើសជាតិយើងមិនមានបញ្ហាអ្វីនោះទេ មានកម្លាំងសមល្មមសម្រាប់ការប្រកួតនៅប្រទេសបារ៉ែន»។ នេះបើតាមលោក កែវ សារ៉េត។
 
សូមបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងពូល C ជាមួយអ៊ីរ៉ង់ .អ៊ីរ៉ាក់. ហុងកុង និងប៉ារ៉ែន ហើយក្រុមនីមួយៗភាគច្រើននៅសល់ ៣ប្រកួតក្នុងដៃ ដោយលើកលែងតែអ៊ីរ៉ង់ ដែលសល់ ៤ប្រកួតទៀត ។ នៅក្នុងពូលនេះ កម្ពុជា កំពុងស្ថិតនៅបាតតារាង ដោយមានតែ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត ស្មើ១ និងចាញ់៤ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com