ជាតិ
សង្គមជាតិ
ស៊ុយអែត និងសហភាពអឺរ៉ុបផ្តល់ថវិកា១,៥លានដុល្លារសម្រាប់គាំទ្រដល់មជ្ឈមណ្ឌលសភាអាស៊ី
13, May 2021 , 9:35 am        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុប បានផ្តល់ថវិការួមគ្នាចំនួន១,៥លានដុល្លារ ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលសភាអាស៊ី(ម.ស.អាស៊ី)ក្នុងការអនុវត្តសកម្មភាពនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែតប្រចាំកម្ពុជានៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

 
ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ថវិកាដល់មជ្ឈមណ្ឌលសភាអាស៊ី សម្រាប់លើកកម្ពស់ការអនុវត្តមុខងាររបសស់សភាក្នុងតំបន់ ការជួយពង្រឹងសមត្ថភាពរបស់មន្ត្រីសភា និងបង្កើនការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធក្នុងចំណោមដៃគូសភាក្នុងតំបន់ និងអន្តរជាតិ។ 
 
តាមរយៈថវិកា១,៥លានដុល្លារនេះ នឹងអាចជួយគំាទ្រដល់មជ្ឈមណ្ឌលសភាអាស៊ីសម្រាប់អនុវត្តសកម្មភាពរយៈពេល២ឆ្នាំ ពីឆ្នាំ២០២១ដល់ឆ្នាំ២០២២។  នេះបើតាមការផ្សាយព័ត៌មានរបស់ស្ថានទូតស៊ុយអែត។ 
 
លោក ប៊្យន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា បានលើកឡើងថា ថវិកាទាំងនេះនឹងជួយដល់ការកែទម្រង់ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសាធារណៈ តាមរយៈការផ្តល់ជាជំនួយបច្ចេកទេស ដល់ស្ថាប័នរបស់រដ្ឋាភិបាល និងជួយឲ្យអាជ្ញាធរផ្តល់សេវានានាកាន់តែប្រសើរសម្រាប់សាធារណជន។ 


 
«ការគាំទ្រនេះដើម្បីបង្កើតបរិយាកាសអំណោយ ផលសម្រាប់ អនុវត្តការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ»។ នេះជាការរៀបរាប់របស់ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា។
 
លោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី បានមានប្រសាសន៍ថា ប្រទេសស៊ុយអែតជាដៃគូយុទ្ធសាស្ត្រសម្រាប់វិទ្យាស្ថានសភាកម្ពុជា និងមជ្ឈមណ្ឌលសភាអាស៊ី ទំាងនៅកម្រិតថ្នាក់ជាតិ និងគ្រប់តំបន់ ដែលគាំទ្រសកម្មភាពស្នូល និងកម្មវិធីបណ្តុះបណ្តាលសមត្ថភាពវិភាគសារពើពន្ធ ដែលនាំឲ្យជោគជ័យនូវនាយកដ្ឋានស្រាវជ្រាវថវិកា (BRD) របស់ព្រឹទ្ធសភាកម្ពុជានៅក្នុងឆ្នាំ២០២០។
 
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ីបានរៀបរាប់ដូច្នេះថា៖«យុទ្ធសាស្រ្តរបស់ប្រទេសស៊ុយអែត ដែលរួមមានការជំរុញឲ្យមានការចូលរួមយ៉ាងសកម្មពីអ្នកអនុវត្តភារកិច្ចផ្ទាល់ និងការផ្តល់សេចក្តីទុកចិត្តដល់វិទ្យាស្ថានសភាកម្ពុជា ឬមជ្ឈមណ្ឌលសភាអាស៊ី ដែលជាតួអង្គក្នុងស្រុក ឲ្យទទួលខុសត្រូវ គ្រប់គ្រង និងអនុវត្តគម្រោងដែលមានភាពស្មុគស្មាញទៅតាមស្តង់ដារដែលទទួលស្គាល់ជាអន្តរជាតិ បានលេចចេញនូវសមិទ្ធផលពិតប្រាកដ»។ 
 
វិទ្យាស្ថានសភាកម្ពុជា (PIC) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១។ វិទ្យាស្ថានសភាកម្ពុជា (PIC) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MOU) ជាមួយអន្តរសភាអាស៊ាន(AIPA)នៅឆ្នាំ២០១៦។ កាលពីឆ្នាំ២០២១ វិទ្យាស្ថានសភាកម្ពុជា បានប្រែទៅជាមជ្ឈមណ្ឌលសភាអាស៊ី (PCAsia)៕ 
 
 

Tag:
 ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com