COVID-19
ជាតិ
ខេត្តបាត់ដំបង ប្រកាសករណីស្លាប់ដំបូងដោយសារកូវីដ-១៩ លើបុរសជនជាតិនេប៉ាល់
13, May 2021 , 4:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង
ដោយ:
ភ្នំពេញ៖ បុរសជនជាតិនេប៉ាល់ម្នាក់មានផ្ទុកជំងឺកូវីដ-១៩ បានស្លាប់នៅព្រឹក ថ្ងៃទី១៣ឧសភានេះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលនេះជាករណីស្លាប់លើកដំបូងក្នុងខេត្តបាត់ដំបង។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។



លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា នេះករណីដំបូងដែលខេត្តខ្លួន មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩។ លោកអភិបាលខេត្តបាត់ដំបង រូបនេះបានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«វាជាករណីដំបូង! គាត់មានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងមានផ្ទុកកូវីដ-១៩ទៀត»។
 
បើតាមរដ្ឋបាលខេត្តបាត់ដំបង បុរសនេប៉ាល់រូបនេះមានវ័យ៦៧ឆ្នាំ មានអាសយដ្ឋាននៅភូមិក្បាលស្ពាន សង្កាត់ប៉ោងប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុនបាត់បង់ជីវិត បុរសរូបនេះ គឺខ្សោយតម្រងនោម ដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ និងមានមេរោគកូវីដ-១៩ផងដែរ។
 
តាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បច្ចុប្បន្ន ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៧១នាក់ អ្នកសះស្បើយចំនួន ២៩នាក់។ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤១នាក់ ខណៈអ្នកស្លាប់មាន១នាក់។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២១,១៤១នាក់ អ្នកជាសះស្បើយសរុបចំនួន ៩,៥១៩នាក់ ខណៈអ្នកស្លាប់កើនដល់ ១៤២នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com