កីឡាអន្តរជាតិ
អន្តរជាតិ
McGregor ជាអត្តពលិករកចំណូលច្រើនជាងគេលើលោក ឯ Messi និង Ronaldo តាមពីក្រោយ
13, May 2021 , 7:29 pm        
រូបភាព
កំពូលតារាគុនចម្រុះ Conor McGregor បានក្លាយជាអត្តពលិករកចំណូលបានច្រើនជាងគេបំផុតលើលោកប្រចាំឆ្នាំ ២០២០ ក្នុងចំនួនប្រមាណ ១៨០ លានដុល្លារអាមេរិក។ Lionel Messi ខ្សែបម្រើក្រុម Barcelona ឈរលំដាប់ទី២ ក្នុងបញ្ជីប្រាក់ចំណូលខ្ពស់បំផុតរបស់ទស្សនាវដ្តី Forbes ខណៈ Cristiano Ronaldo របស់ Juventus នៅលេខ៣។


បើតាមការចេញផ្សាយរបស់ទស្សនាវដ្តីអាមេរិកដ៏ល្បីឈ្មោះ Forbes ប្រាក់ចំណូលដ៏ច្រើនរបស់អ្នកវាយក្នុងទ្រុងសញ្ជាតិអៀរឡង់ វ័យ៣២ឆ្នាំរូបនេះ ភាគច្រើនរកបានមកពីការបណ្តាក់ទុនពាណិជ្ជកម្ម អំឡុងពេលមានវិបត្តិកីវីដ-១៩។ McGregor មានការប្រកួតតែម្ដងគត់ក្នុងឆ្នាំ ២០២០ ដោយរកចំណូលបានប្រហែល ២២ លានដុល្លារពីជ័យជំនះរបស់ខ្លួនលើគូប្រជែង Donald Cerrone នៅខែមករា។
 
ទឹកប្រាក់ប្រមាណ ១៥៨ លានដុល្លារអាមេរិក ត្រូវបាន McGregor រកបានមកតាមរយៈសកម្មភាពអាជីវកម្មដែលរូបគេទទួលបានជោគជ័យ ដែលរួមមានទាំងការលក់យីហោស្រា Proper Twelve whiskey របស់រូបគេផង។
 
ក្រៅពី McGregor មានអត្តពលិក៣រូបទៀត ដែលអាចរកប្រាក់ចំណូលបានលើសពី ១០០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០។ តារាឆ្នើម Messi ប្រធានក្រុម Barcelona និងជម្រើសជាតិអាហ្សង់ទីនរកចំណូលបាន ១៣០ លានដុល្លារអាមេរិក ស្ថិតនៅលំដាប់ថ្នាក់ទី២ ក្នុងបញ្ជីរបស់ Forbes តាមពីក្រោយដោយ Ronaldo ខ្សែប្រយុទ្ធ Juventus ដែលរកបាន ១២០ លានដុល្លារអាមេរិក។
 
Dak Prescott កីឡាករបាល់ឱបអាមេរិក របស់ក្លិប Dallas Cowboys ឈរនៅលំដាប់ទី៤ ដោយរកបាន ១០៧,៥ លានដុល្លារអាមេរិក។ 
ចំណាត់ថ្នាក់ទី៥ បានទៅកីឡាករបាល់បោះ LeBron James រកបាន ៩៦,៥លានដុល្លារ និងទី៦ Neymar ខ្សែប្រយុទ្ធ Paris Saint-Germain រកបាន ៩៥លានដុល្លារ ។ ចំណាត់ថ្នាក់ទី៧កីឡាករវាយកូនបាល់ Roger Federer ៩០លានដុល្លារ ទី៩ Lewis Hamilton អ្នកបើករថយន្ត Formula One (៨២លានដុល្លារ) ទី៩ Tom Brady កីឡាករបាល់ឱបអាមេរិក (៧៦លានដុល្លារ) និងទី១០ Kevin Durant កីឡាករបាល់បោះ NBA (៧៥លានដុល្លារ)៕
 

Tag:
 Conor McGregor
  Forbes
© រក្សាសិទ្ធិដោយ thmeythmey.com