ជាតិ
ក្រសួងការងារឲ្យម្ចាស់រោងចក្រ ស្រង់លេខទូរស័ព្ទកម្មកររងគ្រោះនៅតំបន់បិទខ្ទប់ ដើម្បីបានប្រាក់១៦ម៉ឺនរៀល
13, May 2021 , 9:59 pm        
រូបភាព
កម្មករចេញពីធ្វើការនៅតាមយផ្លូវជាតិលេង៣ ចន្លោះផ្សារដើមរការ និងផ្សារត្រាំខ្នារ ចេញពីធ្វើការ នៅល្ងាចថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ២០២១។ (រូបដោយ៖ កញ្ញា ជឿន ស្រីណយ )
កម្មករចេញពីធ្វើការនៅតាមយផ្លូវជាតិលេង៣ ចន្លោះផ្សារដើមរការ និងផ្សារត្រាំខ្នារ ចេញពីធ្វើការ នៅល្ងាចថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ២០២១។ (រូបដោយ៖ កញ្ញា ជឿន ស្រីណយ )
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ ឲ្យនិយោជកឬម្ចាស់រោងចក្រ ស្រង់លេខទូរស័ព្ទកម្មករជាថ្មី ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភ ដល់អ្នករងគ្រោះដោយសារជំងឺកូវីដ-១៩ នៅតំបន់បិទខ្ទប់។ ប្រាក់ឧបត្ថម្ភនេះ កម្មករនឹងទទួលបាន១៦ម៉ឺនរៀល ក្រោយបិទបញ្ចប់តំបន់បិទខ្ទប់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារចេញថ្ងៃទី១២ឧសភា។

 
ក្រសួងការងារ ណែនាំឲ្យភាគីរោងចក្រធ្វើបច្ចុប្បន្នភាព លេខទូរស័ព្ទ និងអត្តសញ្ញាណបណ្ណរបស់កម្មករ នៅតំបន់បិទខ្ទប់ ដែលមានក្នុងបញ្ជីបើកប្រាក់ឈ្នួលនៅខែមីនា ដើម្បីឲ្យកម្មករទទួលបានជំនួនទឹកប្រាក់ឧបតត្ថម្ភពីរដ្ឋាភិបាល។ ការណែនាំនេះ ធ្វើឡើយក្រោយរដ្ឋាភិបាលសម្រេចអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់»។ 
 
លោក អ៊ិត សំហេង បានបញ្ជាក់ថា ម្ចាស់រោងចក្រត្រូវចាត់ចែងឲ្យប្រធានក្រុមឬតំណាងមួយ ពិនិត្យផ្ទៀងផ្ទាត់លេខទូរស័ព្ទនិងលេខអត្តសញ្ញាប័ណ្ណរបស់កម្មករឲ្យបានត្រឹមត្រូវ ដើម្បីឧបត្ថម្ភប្រាក់ដល់កម្មតាមគណនីវីង។ លើសពីនេះ ត្រូវផ្ញើឈ្មោះកម្មករដែលមានវិជ្ជមានកូវីដ-១៩ ហើយធ្លាប់ព្យាបាលជាសះស្បើយផងដែរ។ «ករណីកម្មករណាម្នាក់ខកខាតមិនទទួលបានជំនួយសង្គមជាសាច់ប្រាក់ ដែលការខកខាតនេះបណ្ដាលមកពីកំហុសរបស់និយោជកនោះ ម្ចាស់ឬនាយករោងចក្រ ក៏ត្រូវទទួលខុសត្រូវក្នុងការផ្ដល់ជំនួយសង្គមជាសាច់ប្រាក់ជូនទៅកម្មករដោយខ្លួនឯង»។ នេះបើតាមការសង្ក់តធ្ងន់របស់ រដ្ឋមន្រី្តក្រសួងការងារ ដោយបន្ថែមថា ម្ចាស់រោងចក្រក៏ អាចទទួលពិន័យតាមច្បាប់ស្ដីពីការងារ និងច្បាប់ជាធរមានដទៃផ្សេងទៀតផងដែរ។ ជាមួយគ្នាដែរ លោកក៏ស្នើឲ្យកម្មកររក្សាលេខទូរស័ព្ទដែលផ្ដល់ឲ្យភាគីរោងចក្រ រហូតដល់ជំងឺកូវីដ-១៩ ត្រូវបញ្ចប់។ 
 
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១១ឧសភានេះ បានសម្រេចឧបត្ថម្ភថ្លៃស្បៀងអាហារ ទឹកស្អាត និងថ្លៃអគ្គិសនី ជូនក្រុមគ្រួសារដែលរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមានជីវភាពខ្វះខាតចាប់ពីជិត១៦ម៉ឺនរៀល ដល់ជាង៣០ម៉ឺនរៀល។ ក្នុងនោះកម្មករកម្មការិនីម្នាក់ ក៏ទទួលបានការឧបត្ថម្ភរួម១៦ម៉ឺនរៀលផងដែរ។
 
កម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» គឺជួយដល់គ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប និងជួបប្រឈម នឹងការលំបាកក្រោយការអនុវត្ត វិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១។
 
ចំពោះគ្រួសារដែលរងគ្រោះពីការបិទខ្ទប់នេះ សមាជិកគ្រួសារម្នាក់ បូកបញ្ចូលទាំងថ្លៃស្បៀងអាហារ, ថ្លៃទឹកនិងថ្លៃអគ្គិសនី២ខែ នឹងទទួលបានប្រាក់សរុបចំនួន១៥ម៉ឺន៦ពាន់រៀល។ សមាជិកគ្រួសារ ២-៣នាក់ នឹងទទួលបានប្រាក់២៤៣,៧០០រៀល។ សមាជិកគ្រួសារ៤នាក់ឡើង នឹងទទួលបានប្រាក់៣១ម៉ឺន១ពាន់រៀល។
 
រីឯ កម្មករបម្រើការនៅតាមរោងចក្រ-សហគ្រាស នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់, ស្បែកជើង និងកាបូប នៅក្នុងតំបន់បិទខ្ទប់ ដូចបានកំណត់ខាងលើ នឹងទទួលបានការឧបត្ថម្ភមួយលើកគត់ ចំនួន១៦ម៉ឺនរៀល/ម្នាក់ ដែលនឹងត្រូវបានផ្តល់តាមរយៈយន្តការរបស់ក្រសួងការងារ៕ 
 
 
 

Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com