ជាតិ
សុខភាព
ពលរដ្ឋខ្មែរ ចាក់វ៉ាក់សាំងកូវីដ-១៩ កើនជិត ២០ភាគរយហើយ
14, May 2021 , 11:59 am        
រូបភាព
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហម កាលពីថ្ងៃទី១៣ឧសភា ឆ្នាំ២០២១។ រូបថត៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហម កាលពីថ្ងៃទី១៣ឧសភា ឆ្នាំ២០២១។ រូបថត៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
ភ្នំពេញ៖ កម្ពុជាមានពលរដ្ឋ១,៩៩៦,៧៧៥នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(COVID-19)។ តួលេខនេះ ស្មើនឹងអត្រា១៩,៩៧ភាគរយនៃមនុស្សសរុប១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជាង១,១លាននាក់ បានចាក់ដូសទី២ហើយ។

 
របាយការណ៍ក្រសួងសុខាភិបាលបានបង្ហាញថា គិតដល់ត្រឹមទី១៣ឧសភា  ពលរដ្ឋទូទាំងប្រទេសជិត២លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នោះ មានពលរដ្ឋ៩៨៨,៦៦២នាក់ បានចាក់វ៉ាក់សាំងSinovac, ពលរដ្ឋ៩៥១,០៨០នាក់ បានចាក់វ៉ាក់សាំងSinopharm និង១៥៧,០៣៣នាក់ទៀត បានចាក់វ៉ាក់សាំងCovishield(Astra Zeneca)។ កម្ពុជាផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ និងកងកម្លាំងយោធា តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១មក។
ក្នុងចំណោមមនុស្សជិត២លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ ក៏មាន៦១១,០២៧នាក់ ជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនៃភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ។ 
 
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋនេះ  បានស្ថិតក្នុងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជា ការបិទខ្ទប់តំបន់ដែលប្រឈមឆ្លងខ្លាំង និងបម្រាមគោចរជាដើម ក្នុងការកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩។ ដើម្បីជោគជ័យលើការងារនេះ រដ្ឋាភិបាល បានកំណត់ផែនការជាជំហានៗ ដោយជំហានទី១ ពីខែឧសភា ដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ ចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាល ឱ្យអស់ជិត២,៥លាននាក់។
 
សម្រាប់ជំហានទី២ នៃផែនការរបស់រដ្ឋាភិបាល នឹងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរស់នៅក្នុងខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង ព្រះសីហនុ ស្វាយរៀង សៀមរាប បន្ទាយមានជ័យ កែប និងខេត្តកំពត។  ជំហាននេះ នឹងអនុវត្តឡើងចាប់ពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ ប្រជាជនរស់នៅក្នុងខេត្តទាំង១១ មានជាង២លាននាក់ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រមាណ៤លានដូស។
 
ចំពោះជំហានទី៣ នឹងអនុវត្តពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទៅលើប្រជាជនជាង៤,៤លាននាក់ រស់នៅក្នុងខេត្តចំនួន១២។ ក្នុងនោះ មានខេត្តកោះកុង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ រតនៈគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ និងក្រចេះ។
 
បើតាមរបស់អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន៥០ម៉ឺនដូសទៀតរបស់ក្រុមហ៊ុនSinovac នឹងមកដល់កម្ពុជា នៅថ្ងៃទី១៦ឧសភា និង១លានដូស មកដល់នៅថ្ងៃទី២៦ឧសភា ឆ្នាំ២០២១ ខណៈបច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំង ជាង៤,៥លានដូសដែលកំពុងចាក់ជូនពលរដ្ឋ ពិសេសអ្នករស់នៅក្នុងតំបន់ក្រហម៕ 
 
 
 
 
 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com