ជាតិ
សង្គមជាតិ
កុំតាមដានតែរឿងរ៉ាវគេនៅលើហ្វេសប៊ុក ហើយអត់បំពេញការងារខ្លួនឯង!
14, May 2021 , 3:39 pm        
រូបភាព
ដោយ៖ លោក លឹម ពិសិដ្ឋ ប្រជាពលរដ្ឋរាជធានីភ្នំពេញ (លិខិតមិត្តអ្នកអាន)

ខ្ញុំសូមអធ្យាស្រ័យទុកជាមុន ប្រសិនបើសំណេរខ្ញុំធ្វើឲ្យរំខានអារម្មណ៍អ្នកអាននៅក្នុងអត្ថបទនេះ។ រវាងសង្គមពិតនៅលើផែនដី និងសង្គមហ្វេសប៊ុកនៅលើអាកាស។ កាលពីដើមឡើយ ពលរដ្ឋខ្មែរភាគច្រើនទទួលព័ត៌មានតាមរយៈសេវារដ្ឋបាលរបស់រដ្ឋ និងតាមបណ្តាញសារព័ត៌មានបែបបុរាណដែលជារួម៖ វិទ្យុ កាសែត ទស្សនាវដ្តី ទូរទស្សន៍។ល។


តែចាប់ពីចុងទសវត្សរ៍២០០០មក ដំណឹង និងព័ត៌មានជាច្រើនចរាចរនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស នៅក្នុងប្រទេសកម្ពុជាតែម្តង។ គ្រប់ប្រភេទព័ត៌មានស្ទើរតែចរាចរដោយខានមិនបាននៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រោះ ប្រជាពលរដ្ឋខ្មែរភាគច្រើនចំណាយពេលជាច្រើនម៉ោងស្ថិតនៅលើទីលានបណ្តាញសង្គមមួយនេះ។ 
 
តាមការសង្កេតរបស់ខ្ញុំ, អ្នកខ្លះភ្លេចបាយ ភ្លេចទឹកដោយសារតែតាមដានរឿងរ៉ាវរបស់គេ, តាមដានរឿងអាសអាភាស, រឿងគ្មានប្រយោជន៍នៅលើបណ្តាញសង្គមមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកតាមដានទាំងនោះ ក៏យករឿងទាំងនោះ មកវិភាគប្រាប់គេប្រាប់ឯង ដូចជាខ្លួនឯងហ្នឹងដឹងរឿងទាំងនោះច្បាស់ជាងនរណាទាំងអស់ ហើយពេលខ្លះបើគេមិនជឿតាម អ្នកដែលខំប្រឹងនិយាយប្រាប់គេឯងហ្នឹង បង្ហាញអារម្មណ៍ខឹងសម្បារចំពោះអ្នកស្តាប់ទៀតផង។ 
 
អ្នកខ្លះទៀត ដឹងកូនតម្រុយដំណឹង ឬព័ត៌មានតាមហ្វេសប៊ុក ក៏យកមកវិភាគបែកពពុះមាត់ស្កុល ហើយពេលខ្លះ ក៏បង្កឲ្យមានជម្លោះក្នុងចំណោមមនុស្សរាប់អានគ្នាតាំងពីយូរយាមកហើយក៏មាន។ 
 
រីឯ អ្នកខ្លះទៀត ចំណាយពេលនៅលើបណ្តាញហ្វេសប៊ុក«អួតអាង»ប្រាប់គេប្រាប់ឯង ដូចខ្លួនឯងហ្នឹងចេះលើសគេលើសឯងទាំងអស់ (មិននិយាយចំពោះអ្នកចែករំលែកចំណេះដឹងឡើយ)។ ការចែករំលែកចំណេះដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក គឺជាការលើកទឹកចិត្ត។ ការសិក្សាទទួលចំណេះដឹងពីបណ្តាញសង្គម គឺជាសកម្មភាពល្អបំផុត។ 
 
តែអ្វីដែលមិនល្អទាល់តែសោះនោះ គឺថា អ្នកលេងបណ្តាញសង្គមមួយចំនួនប្រើប្រាស់វាខុសគោលដៅ វក់វី ញៀនជ្រុល ហើយចំណាយពេលច្រើនហួសហេតុពេកដោយភ្លេចបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន។  
 
បើតាមយោបល់ខ្ញុំ, យើងអាចកម្សាន្ត ឬតាមដានព័ត៌មានខ្លះនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ប៉ុន្តែ យើងក៏មិនគួរបណ្តោយឲ្យហ្វេសប៊ុកទាញយើងរហូតឲ្យយើងភ្លេចធ្វើការងាររបស់យើង ភ្លេចអភិវឌ្ឍខ្លួនយើង ភ្លេចបំពេញការងារជូនក្រុមហ៊ុនរបស់យើង។ 
 
បើយើងប្រឹងធ្វើការងាររបស់យើង យើងនឹងចំណេញពេល ចំណេញលុយ និងចំណេញចំណេះ។ តែបើយើងតាមដានតែរឿងរបស់គេដែលមិនពាក់ព័ន្ធនឹងការងាររបស់យើង យើងបានត្រឹមតែដឹងរឿងរបស់គេប៉ុណ្ណោះ ហើយយើងដូចជាមិនទទួលបានផលប្រយោជន៍អ្វីច្រើនឡើយ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com