ជាតិ
ខេត្តសៀមរាបសម្រេចបើកចេញ-ចូលឡើងវិញនូវតំបន់ខ្លះមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត
14, May 2021 , 7:59 pm        
រូបភាព
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី១៤ ឧសភា បានសម្រេចបើកការចេញ-ចូលឡើងវិញ នូវតំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ផ្សារកណ្ដាល និងទីតាំងមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងករណីអ្នកវិជ្ជមានជំងឺកូវីដ១៩នាពេលកន្លងមក។

 
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត គឺបានបើកឱ្យមានការចេញ-ចូលឡើងវិញនូវតំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត បរិវេញជុំវិញផ្សារកណ្ដាល និងទីតាំង ផ្ទះ អាជីវកម្មដ្ឋានចំនួន៩ទៀត ចាប់ពីថ្ងៃទី១៤ តទៅ។ ករណីខាងលើនេះ គឺធ្លាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ ស៊ាង គឹមសាន ឈ្មោះ រិទ្ធ គន្ធី ឈ្មោះ ហួត រតនៈវត្ថុ និងក្រុមគ្រួសារ ឈ្មោះ ស៊ុយ វិល ដែលរកឃើញវិជ្ជមានកាលពីចុងខែ មេសាកន្លងទៅ។
 
ការសម្រេចបើកឡើងវិញនេះ គឺដោយសារក្រុមការងាររបស់រដ្ឋបាលខេត្ត បានគ្រប់គ្រងស្ថានការណ៍្យវិលត្រឡប់មករកសភាពដើម។ យ៉ាងណា រដ្ឋបាលខេត្តសៀមរាប នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារបង្ការពីជំងឺកូវីដ១៩ក្នុងសហគមន៍។ ក្នុងនោះត្រូវអនុវត្តន៍វិធានការ ៣ការពារ ៣កុំ និងរក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវ។ 
 
គួរបញ្ជាក់ថា ក្រៅពីតំបន់ខាងលើនេះ នៅថ្ងៃដដែលនេះដែរ រដ្ឋបាលខេត្តក៏បានសម្រេចឱ្យបើកការចេញ-ចូលឡើងវិញ ផ្សារកន្រ្ដក នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង បន្ទាប់ពីស្ងប់ស្ងាត់ និងការគ្រប់គ្រងករណីរីករាលដាលជំងឺកូវីដ១៩ទៅក្នុងសហគមន៍បានយ៉ាងមានប្រសិទ្ធភាព៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com