អន្តរជាតិ
របបសឹកមីយ៉ាន់ម៉ា ដោះលែងអ្នកកាសែតជប៉ុនម្នាក់និងបញ្ជូនទៅស្រុកវិញ ក្រោយតូក្យូធ្វើអន្តរាគមន៍
14, May 2021 , 8:29 pm        
រូបភាព
អ្នកកាសែតជប៉ុន Yuki Kitazumi ដែលរបបយោធាមីយ៉ាន់ម៉ាដោះលែង។ រូបថត Twitter
អ្នកកាសែតជប៉ុន Yuki Kitazumi ដែលរបបយោធាមីយ៉ាន់ម៉ាដោះលែង។ រូបថត Twitter
អ្នកកាសែតជប៉ុនម្នាក់ដែលត្រូវចាប់ខ្លួន និងចោទប្រកាន់នៅមីយ៉ាន់ម៉ា ត្រូវបានដោះលែង និងបញ្ជូនទៅកាន់ជប៉ុនវិញ។ នេះបើតាមការបញ្ជាក់របស់ប្រមុខការទូតជប៉ុននៅថ្ងៃទី១៤ ខែឧសភា។ ការដោះលែងនេះ ជាកាយវិការការទូតរបស់របបសឹកមីយ៉ាន់ម៉ា ក្រោយក្រុងតូក្យូចូលអន្តរាគមន៍រួចមក។

 
លោក Yuki Kitazumi ត្រូវបានឃុំខ្លួននៅពន្ធនាគារ Insein ក្រោយត្រូវបានចាប់ខ្លួនកាលពីខែមេសាកន្លង។ លោកស្ថិតក្នុងចំណោមអ្នកសារព័ត៌មានយ៉ាងហោចណាស់៨០នាក់ដែលត្រូវបានចាប់ខ្លួនដោយយោធាមីយ៉ាន់ម៉ាអំឡុងពេលការបង្ក្រាបលើបាតុករប្រឆាំងរបបសឹក។ 
 
នាសន្និសីទសារព័ត៌មានថ្ងៃទី១៤ ខែមេសា រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi បញ្ជាក់ថា លោក Kitazumi បានធ្វើដំណើរចាកចេញពីមីយ៉ាន់ម៉ាហើយ ក្រោយរបបយោធាទម្លាក់ចោលការចោទប្រកាន់។ លោក Motegi បន្តថា ជប៉ុនប្រើប្រាស់ច្រកជាច្រើនដើម្បីបើកផ្លូវដល់ការដោះលែងជនជាតិខ្លួន ហើយកិច្ចការនេះជារឿងលំបាកផងដែរ។
 
«ជាលទ្ធផលនៃការប្រឹងប្រែងទាំងនេះ អាជ្ញាធមីយ៉ាន់ម៉ាប្រកាសថា ពួកគេនឹងដកការចោទប្រកាន់វិញ។» ប្រមុខការទូតជប៉ុនបន្ថែមបែបនេះ។ អ្នកកាសែតខាងលើ ក៏ទៅដល់ជប៉ុននៅថ្ងៃទី១៤ ខែឧសភា ជាមួយសុខភាពល្អធម្មតា។
 
ឯទូរទស្សន៍មីយ៉ាន់ម៉ា MRTV ប្រកាសនៅថ្ងៃទី១៣ ខែឧសភាថា ការដោះលែងលោក Kitazumi ដែលត្រូវចោទប្រកាន់ពីបទចែករំលែកព័ត៌មានក្លែងបន្លំ ជាការជំរុញទំនាក់ទំនាក់ទំនង និងការផ្សះផ្សាជាមួយជប៉ុន។
 
រដ្ឋមន្រ្តីការបរទេសរូបនេះ ក៏បានប្រកាសជំនួយចំនួន៤លានដុល្លារជាស្បៀងអាហារបន្ទាន់ទៅកាន់មីយ៉ាន់ម៉ាផងដែរ។ ជំនួយដែលផ្ដល់តាមកម្មវិធីស្បៀងអាហារពិភពលោក ត្រូវរំពឹងថា នឹងជួយប្រជាជនមីយ៉ាន់ម៉ា៦០ម៉ឺននាក់។ ចំណែកក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុន ជំនួយទាំងនោះ អាចត្រូវផ្ដល់ឱ្យប្រជាជននៅយ៉ាំងហ្គោនដែលកំពុងជួបបញ្ហាស្បៀង។ 
 
នេះជាជំនួយលើកដំបូងរបស់ក្រុងតូក្យូសម្រាប់មីយ៉ាន់ម៉ា ក្រោយបានប្រកាសផ្អាកផ្ដល់ជំនួយកាលពីខែមីនាកន្លងទៅ។ 
 

Tag:
 មីយ៉ាន់ម៉ា
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com