COVID-19
ជាតិ
ខេត្តសៀមរាប​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​២​នាក់ និង​ស្លាប់​ម្នាក់​
14, May 2021 , 8:16 pm        
រូបភាព
ក្រុមគ្រូពេទ្យកំពុងលើកសាកសពអ្នកជំងឺកូវីដ១៩ ទៅបូជា ដែលស្លាប់នៅព្រឹកថ្ងៃទី១៤ ឧសភា ឆ្នាំ ២០២១។ រូបភាព៖ ប្រធានមន្ទីរសុខាភិបាល លោក ក្រុស សារ៉ាត់
ក្រុមគ្រូពេទ្យកំពុងលើកសាកសពអ្នកជំងឺកូវីដ១៩ ទៅបូជា ដែលស្លាប់នៅព្រឹកថ្ងៃទី១៤ ឧសភា ឆ្នាំ ២០២១។ រូបភាព៖ ប្រធានមន្ទីរសុខាភិបាល លោក ក្រុស សារ៉ាត់
សៀមរាប​៖ នៅ​ថ្ងៃទី​១៤ ឧសភា ខេត្តសៀមរាប​បាន​បន្ត​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​២​ករណី​ទៀត ដែលជា​គ្រួសារ​ទើប​វិលត្រឡប់​មកពី​ខេត្តបន្ទាយមានជ័យ​។ ក្រៅពីនេះ ក៏មាន​ករណី​ស្លាប់​ម្នាក់ទៀត ដែលជា​ករណី​ស្លាប់​ទី​២ សម្រាប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្តសៀមរាប​ផងដែរ​។​

 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប​នាយ​ប់​ថ្ងៃទី​១៤ ឧសភា អ្នក​វិជ្ជមាន​ថ្មី​ចំនួន​២​ករណី គឺជា​ប្ដី​ប្រពន្ធ ដែល​ប្ដី​ឆ្លង​ពី​ប្រពន្ធ ទើប​វិលត្រឡប់​មកពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ករណីនេះ​រួមមាន ទី​១​ឈ្មោះ លាង ស្រី​លីន ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បានធ្វើ​ដំណើរ​មកពី​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១០ ខែឧសភា តាមរយៈ​រថយន្តឈ្នួល ម៉ាក់ ស៊ីណា​។​
​ទី​២  ឈ្មោះ តេង រ៉ា​វីត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវជា​ស្វាមី​របស់​ឈ្មោះ លាង ស្រី​លីន​។​
  
​ករណី​ខាងលើនេះ ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វី​-១៩ របស់​រដ្ឋបាលខេត្ត​កំពុង​បន្ត​តាមដាន និង​ស្រាវជ្រាវ​អ្នកពាក់ព័ន្ធ​បន្ថែមទៀត ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ទាន់ពេលវេលា​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​។​
  
​ចំណែក​ករណី​ស្លាប់​វិញ គឺ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ម្នាក់ ឈ្មោះ ម៉ាក ភា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ដែល​តេស្ដ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១០ ឧសភា និង​ដោយ​អ្នកជំងឺ​មាន​ជំងឺ​រុំ​ាំ​រ៉ៃ​ជាប់​កាយ​ផង​។​
 
​សូម​រំលឹកថា គិត​ត្រឹម​យប់​ថ្ងៃទី​១៤ ឧសភា ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៨១​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​២០​នាក់ ស្លាប់​២​នាក់ និង​៥៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕

© រក្សាសិទ្ធិដោយ thmeythmey.com