COVID-19
ជាតិ
កម្ពុជាសម្រេចបានជាង២០ភាគរយនៃផែនការចាក់វ៉ាក់សាំងកូវីដ-១៩ហើយ
15, May 2021 , 2:29 pm        
រូបភាព
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋ។ រូបភាពពី នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋ។ រូបភាពពី នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
ភ្នពេញ៖  កម្ពុជាមានពលរដ្ឋ ២,០៦៦,៨១៣ នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ក្នុងចំណោម អ្នកដែលបានចាក់វ៉ាក់សាំងនេះ មាន ១,១៤៨,០២២ នាក់ បានចាក់ដូសទី២។ របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ចំនួននេះ គឺស្មើនឹង២០,៤០ភាគរយ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។



បើតាមរបាយការណ៍ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១៥ ខែឧសភា ពលរដ្ឋទូទាំងប្រទេស ២ លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ មាន ៨៩១,២៤១នាក់ បានចាក់វ៉ាក់សាំង Sinopharm, ពលរដ្ឋ ១៥៧,០៣៣នាក់ បានចាក់វ៉ាក់សាំង Covishield(Astra Zeneca) និង ១,០១៨,៥៣៩ នាក់ទៀត បានចាក់វ៉ាក់សាំង Sinovac។ 
 
កម្ពុជាផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ និងកងកម្លាំងយោធា តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១មក។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋនេះ  បានស្ថិតក្នុងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជា ការបិទខ្ទប់តំបន់ដែលប្រឈមឆ្លងខ្លាំង និងបម្រាមគោចរ ក្នុងការកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩។ 
 
គួរជម្រាបថា សព្វថ្ងៃ កម្ពុជាមានវ៉ាក់សាំង ជាង៤,៥លានដូស ដែលកំពុងចាក់ជួនពលរដ្ឋ ពិសេសអ្នកនៅតំបន់ក្រហម។  បើតាមរបស់អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន៥០ម៉ឺនដូសទៀតរបស់ក្រុមហ៊ុនSinovac នឹងមកដល់កម្ពុជា នៅថ្ងៃទី១៦ឧសភា និង១លានដូស មកដល់នៅថ្ងៃទី២៦ឧសភា ឆ្នាំ២០២១៕
 
 

Tag:
 វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com