អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រេសិត UN ជួបនាយករដ្ឋមន្រ្តីថៃ ជជែកពីការបន្ធូរបន្ថយវិបត្តិនៅមីយ៉ាន់ម៉ា
15, May 2021 , 8:29 pm        
រូបភាព
លោកស្រី Christine Schraner Burgener  ប្រេសិតពិសេសអង្គការសហប្រជាជាតិ (ខាងឆ្វេង) ជជែកជាមួយ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៤ ខែឧសភា។ រូបភាព៖ AP
លោកស្រី Christine Schraner Burgener ប្រេសិតពិសេសអង្គការសហប្រជាជាតិ (ខាងឆ្វេង) ជជែកជាមួយ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៤ ខែឧសភា។ រូបភាព៖ AP
ប្រេសិតពិសេសអង្គការសហប្រជាជាតិ (UN) លោកស្រី Christine Schraner Burgener នៅថ្ងៃទី១៤ ខែឧសភា បានជួបជាមួយ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា ជជែកពីការបន្ធូរបន្ថយស្ថានការណ៍ និងភាពតានតឹងនៅមីយ៉ាន់ម៉ា។ ក្នុងកិច្ចសន្ទនានោះ លោកប្រាយុទ្ធបានសន្យាថា នឹងស្វែងរកវិធានការ ដើម្បីបន្ថយវិបត្តិមួយនេះ។

 
 
វិបត្តិនយោបាយមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយ និងគ្មានច្រកចេញ។ សហគមន៍អន្តរជាតិ និងអាស៊ាន នៅតែបន្តកិច្ចការរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ លោកស្រី Christine Schraner Burgener ប្រេសិតពិសេសអង្គការសហប្រជាជាតិ នៅតែបន្តវត្តមានរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ តាំងពីកិច្ចប្រជុំអាស៊ាន នៅទីក្រុងហ្សាការតាក្នុងខែមេសាមក ក្នុងកិច្ចខិតខំជួយរកច្រកចេញឱ្យមីយ៉ាន់ម៉ា។
 
ស្របពេលវត្តមានខ្លួននៅក្នុងតំបន់ស្រាប់ ប្រេសិតពិសេសរូបនេះ នៅថ្ងៃទី១៤ ខែឧសភា បានជួបជាមួយលោកប្រាយុទ្ធ នាយករដ្ឋមន្រ្តីថៃ ជុំវិញបញ្ហា និងការដោះស្រាយនៅមីយ៉ាន់ម៉ា។ ក្នុងជំនួបមួយនេះ ប្រមុខរដ្ឋាភិបាលថៃ បានប្រាប់លោកស្រី Schraner Burgener ថា រដ្ឋាភិបាលថៃ នឹងស្វែងរកវិធានការ ដើម្បីសហការជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បន្ធូរបន្ថយភាពតានតឹងក្នុងប្រទេស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្រ្តីថៃ។ 
 
ជាមួយគ្នានេះ លោក ប្រយុទ្ធ ក៏បានបន្ថែមទៀតថា ថៃបានត្រៀមខ្លួនរួចហើយ ដើម្បីស្តាប់ និងផ្លាស់ប្តូរព័ត៌មានជាមួយមីយ៉ាន់ម៉ា។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល នាយករដ្ឋមន្រ្តីថៃ និងប្រេសិតពិសេសUN ក៏បានជជែកគ្នាពីបញ្ហាមនុស្សធម៌ ដែលកំពុងកើតឡើងនៅមីយ៉ាន់ម៉ា ដែលបង្កដោយការវាយប្រហារពីសំណាក់ក្រុមយោធា មកលើក្រុមជនជាតិភាគតិចផងដែរ។ ដោយបញ្ជាក់យ៉ាងច្បាស់ៗ លោកប្រាយុទ្ធ បានសន្យាជួយប្រជាជនមីយ៉ាន់ម៉ា ដែលធ្វើបំលាស់ទីមកក្នុងទឹកដីថៃ។ 
 
«យើងនឹងមិនរុញប្រជាជនមីយ៉ាន់ម៉ាត្រលប់ទៅវិញឡើយ ប្រសិនបើគេប្រឈមគ្រោះថ្នាក់»។ លោកប្រាយុទ្ធ បានសង្កត់ធ្ងន់ និងច្បាស់ៗបែបនេះ ទៅកាន់លោកស្រី Schraner Burgener។ 
 
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ មីយ៉ាន់ម៉ា កំពុងមានបញ្ហាច្រើនដូចជា បាតុកម្មប្រឆាំងក្រុមយោធា ការប៉ះទង្គិចរវាងក្រុមយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ការបង្កើតឡើងកងកម្លាំងការពារប្រជាជនពីសំណាក់រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា និងវិបត្តិមនុស្សធម៌ជាដើម៕ 
 

Tag:
 មីយ៉ាន់ម៉ា
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com