អន្តរជាតិ
យ៉ាងហោចណាស់​១២នាក់ស្លាប់ដោយសារព្យុះកំបុតត្បូងនៅ Wuhan និង Suzhou ប្រទេសចិន
15, May 2021 , 5:42 pm        
រូបភាព
ព្យុះកំបុតត្បូងចំនួនពីរ បានវាយប្រហារនៅភាគកណ្តាល និងខាងកើតប្រទេសចិន ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១២នាក់ស្លាប់ និងរបួសជាង៤០០នាក់។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរចិន នាថ្ងៃសៅរ៍។



ខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំងក្នុងល្បឿនជាង២៦០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅក្រុង Wuhan កាលពីរាត្រីថ្ងៃសុក្រ។ ភ្លាមៗនោះ មនុស្សចំនួន៨នាក់ បានស្លាប់ និងជាង២៨០នាក់បានរងរបួស ខណៈផ្ទះជាង៣០ខ្នង បានរលំខ្ទេចខ្ទី។

បើតាម AFP រថយន្តជាច្រើនគ្រឿងបានរងការខូចខាត ដើមឈើជាច្រើនបានបាក់រលំ និងផ្នែកខ្លះនៃអគារជាច្រើនរងការបផ្លាញ ខណៈផ្ទះជាង២៦០០០ គ្មានអគ្គិសនីប្រើប្រាស់។

នៅក្រុង Suzhou ក្បែរសៀងហៃ ព្យុះមួយទៀតបានបោកបក់ ក្នុងល្បឿនជាង២០០គីឡូម៉ែត្រក្នុង១ម៉ោង ដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង១នាក់បន្តបាត់ខ្លួន។

នេះជាករណីរងគ្រោះដ៏ធ្ងន់ធ្ងរដោយសារអាកាសធាតុនៅប្រទេសចិន ដោយក្នុងខែឧសភានេះដែរ មនុស្ស១១នាក់ផ្សេងទៀតហើយដែលបានស្លាប់នៅតំបន់ផ្សេងៗគ្នា ជិតក្រុងសៀងហៃ៕



© រក្សាសិទ្ធិដោយ thmeythmey.com