ជាតិ
អ្នកចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា មានជាង២លាននាក់ហើយ
16, May 2021 , 8:59 pm        
រូបភាព
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋ។ រូបភាពពី នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋ។ រូបភាពពី នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
ភ្នំពេញ៖ កម្ពុជាមានពលរដ្ឋ ២,០៨២,២៨២ នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ចំនួន៥០ម៉ឺនដូសទៀត ដឹកមកដល់កម្ពុជានាថ្ងៃទី១៦ ឧសភានេះ។ តួលេខនេះ ស្មើនឹងអត្រា ២០,៦៧ភាគរយ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជាង១,១លាននាក់ បានចាក់ដូសលើកទី២ហើយ។


 
បើតាមរបាយការណ៍ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៦ ខែឧសភា ពលរដ្ឋទូទាំងប្រទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ មាន ៨៩៧,០៨៥​ នាក់ បានចាក់វ៉ាក់សាំង Sinopharm, ពលរដ្ឋ ១៥៧,០៣៣ នាក់ បានចាក់វ៉ាក់សាំង Covishield(Astra Zeneca) និង ១,០២៨,១៦៤ នាក់ទៀត បានចាក់វ៉ាក់សាំង Sinovac។ 
 
កម្ពុជាផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ និងកងកម្លាំងយោធា តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១មក។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋនេះ  បានស្ថិតក្នុងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជា ការបិទខ្ទប់តំបន់ដែលប្រឈមឆ្លងខ្លាំង និងបម្រាមគោចរ ក្នុងការកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩។ 
 
បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំង ជាង៤,៥លានដូស ដែលកំពុងចាក់ជួនពលរដ្ឋ ពិសេសអ្នកនៅតំបន់ក្រហម ខណៈវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន៥០ម៉ឺនដូសទៀតរបស់ក្រុមហ៊ុន Sinovac នឹងមកដល់កម្ពុជា នៅថ្ងៃទី១៦ឧសភានេះ និង១លានដូស មកដល់នៅថ្ងៃទី២៦ឧសភា ឆ្នាំ២០២១៕
 

Tag:
 វ៉ាក់សាំង
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com