កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាំទី Alisson តែតចុងម៉ោងជួយ Liverpool ឈ្នះ West Brom បន្តដង្ហើមប្រជែង Top4
17, May 2021 , 9:57 am        
រូបភាព
អ្នកចាំទី Alisson Becker បានក្លាយជាវីរបុរសរបស់ក្រុម Liverpool បន្ទាប់ពីឡើងតែតបញ្ចូលទីចុងម៉ោងដើម្បីយកឈ្នះ West Brom ២-១ ក្នុងការប្រកួត Premier League នៅយប់ថ្ងៃទី១៦ ខែឧសភា។ ជ័ជម្នះនេះបានជួយក្រុមលោក Juergen Klopp មានឱកាសច្រើនក្នុងការប្រជែងតំណែង Top 4 សម្រាប់កៅអី Champions League រដូវកាលក្រោយ។


ជំនួបដ៏តឹងតែងសម្រាប់ក្រុមហង្សក្រហមនៅសប្តាហ៍ទី៣៦ ដែលពួកគេត្រូវកាឈ្នះជាចាំបាច់ដើម្បីបន្តប្រជែងកៅអីក្របខណ្ឌអឺរ៉ុបពិតជាមិនខកបំណងឡើយ។ Liverpool បានវាយបកយកឈ្នះដើម្បីដណ្តើមយក៣ពិន្ទុទាំងប្រផិតប្រផើយ។ 
 
បន្ទាប់ពីលទ្ធផលស្មើ ១-១ ក្រោយការនាំមុខរបស់ West Brom ដែលធ្វើបានដោយ Hal Robson-Kanu នៅនាទី១៥ និងការវាយបកតាមស្មើរបស់ Mohamed Salah នៅនាទី៣៣ បានអូសបន្លាយដល់ចុងម៉ោងនៅទី២ Alisson បានសម្រេចចិត្តឡើងទៅតែតពីការទាត់បាល់ជ្រុងរបស់ Trent Alexander-Arnold នៅនាទី៩០+។ អ្នកចាំទីសញ្ជាតិប្រេស៊ីលធ្វើបានគ្រាប់បាល់ជ័យជម្នះដើម្បីជួយ Liverpool ឈ្នះ West Brom ២-១។
 
លទ្ធផលដ៏គាប់ប្រសើរនេះ បានជួយក្រុមលោក Klopp កើនបាន៦៣ពិន្ទុ ឈរនៅចំណាត់ទី៥ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយតាមពីក្រោយក្រុមលេខ៤ Chelsea តែមួយពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតរដូវកាលនេះនៅសល់២លើកនឹងបញ្ចប់។ ក្រុមប្រជែងតំណែង Top 4 គិតត្រឹមសប្តាហ៍ទី៣៦នេះ មាន Leicester City ដែលឈរលេខ៣មាន៦៦ Chelsea និង Liverpool មានពិន្ទុប្រកៀកប្រកិតគ្នាខ្លាំង ខណៈ Tottenham Hotspur និង West Ham United នៅសល់ឱកាសតិចតួចប៉ុណ្ណោះ។
 
Alisson បង្ហាញក្តីរីករាយយ៉ាងខ្លាំង ក្រោយក្លាយជាវីរបុរសក្នុងការសង្គ្រោះក្រុមតាមរយៈការរកគ្រាប់បាល់នេះ។ រូបគេក៏បានឱទិសគ្រាប់បាល់នេះជូនឪពុករបស់គេដែលទើបចែកឋានទៅផងដែរ។
 
អ្នកចាំទីវ័យ២៨ឆ្នាំបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំពិតជារំជួលចិត្តខ្លាំងណាស់នៅប៉ុន្មានខែចុងក្រោយនេះសម្រាប់អ្វីគ្រប់យ៉ាងដែលបានកើតឡើងជាមួយខ្ញុំគ្រួសារខ្ញុំ។ ប៉ុន្តែបាល់ទាត់គឺជាជីវិតរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថាគាត់នៅទីនេះដើម្បីមើលវា។ ខ្ញុំប្រាកដថាគាត់បានឃើញ និងនៅក្បែរនេះដើម្បីអបអរសាទរ»។
 

Tag:
 Alisson Becker
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com