ជាតិ
សង្គមជាតិ
តុលាការដោះលែងកូនឧកញ៉ា ហេង សៀ ក្រោមហេតុផលថា មិនពាក់ព័ន្ធវីដេអូអាសអាភាស
17, May 2021 , 2:22 pm        
រូបភាព
ទិដ្ឋភាពនៅមុខតុលាការរាជធានីភ្នំពេញ
ទិដ្ឋភាពនៅមុខតុលាការរាជធានីភ្នំពេញ
ភ្នំពេញ៖ តុលាការដោះលែងកូនប្រសារ និងកូនស្រីឧកញ៉ា ហេង សៀ វិញ ក្រោមហេតុផលថា ពួកគេមិនបានពាក់ព័ន្ធវីដេអូអាសអាភាស ដែលគេចែកចាយលើបណ្ដាញសង្គមឡើយ។ កូនឧកញ៉ា ហេង សៀ ទាំងពីររូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៥ ឧសភា ក្រោយពីជាប់សង្ស័យថា បានជួលមនុស្ស២នាក់ ដែលមានភិនភាគដូចកញ្ញា មាន ពេជ្ររីតា និងលោក ហេង សៀ ឲ្យថតវីដេអូអាសអាភាស ។ រូបភាពវីដេអូអាសអាភាសនេះ បានចែកចាយនៅលើបណ្ដាញសង្គមក្រោយពីមានការផ្ទុះជម្លោះ និងក្តីក្ដាំរវាងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV និងលោកឧកញ៉ា ហេង សៀ។

 
តុលារាជធានីភ្នំពេញបានចេញសេចក្ដីថ្លែងការណ៍ថា កូនទាំងពីរនាក់(លោក ឃាន ឈុនតារា និងអ្នកស្រី តាំង គឹមហៀង)របស់ឧកញ៉ា ហេង សៀ ពិតជាបានជួលមនុស្សមានភិនភាគប្រហាក់ប្រហែលកញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ ថតវីដេអូពិតមែន ប៉ុន្តែមិនមែនវីដេអូអាសអាភាសឡើយ។ ស្របតាមការពិនិត្យមើលអង្គហេតុរយៈពេលពីរថ្ងៃមកនេះ តុលាការក៏សម្រេច ដោះលែងអ្នកទាំងនោះ ហើយបន្តស៊ើបអង្កេតទៀត។ 
 
ក្រោយឃាត់ខ្លួននិងសាកសួរកូនទាំងពីររបស់ឧកញ៉ា ហេង សៀ រួចមក អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ឈ្មោះ ឃន  ឈុនតារា និងឈ្មោះ តាំង គឹមហៀង ពិតជាបានជ្រើសរើសមនុស្សពីរនាក់ គឺស្រីម្នាក់់ និងបុរសម្នាក់ ដែលមានលក្ខណៈភិនភាគប្រហាក់ប្រហែលកញ្ញា មាន ពជ្ររីតា និងឈ្មោះ ហេង សៀ ដើម្បីថតសម្ដែងត្រាប់អង្គហេតុនៃជម្លោះកើតមានឡើងរវាងកញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ក្នុងរថយន្តកើតហេតុ ពិតប្រាកដមែន...។ ប៉ុន្តែពុំមានភស្ភុតាងណាមួយពីការផលិតវីដេអូឃ្លីបអាសអាភាសឬរូបភាពអាសអាភាស ដែលត្រូវបានចែកចាយក្នុងបបណ្ដាញសង្គមឡើយ»។ 
 
ក្នុងចម្លើយសារភាព លោក ឈុនតារា ថាខ្លួនទទួលបានរូបអាសអាភាសពីប្រភពមិនច្បាស់លាស់តាមបណ្ដាញសង្គម និងបានចែកចាយរូបនោះទៅមនុស្ស៧នាក់។ លោកក៏បានធ្វើលិខិតសុំអភ័យទោសនិងមិនឲ្យមានករណីនេះកើតឡើងជាថ្មីឡើយ។ នេះបើតាមលើកឡើងរបស់អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ ដោយសម្រេចដោះលែងកូនទាំងពីររបស់ឧកញ៉ា ហេង សៀ ហើយបន្តស្រាវជ្រាវបន្តរកអ្នកដែលផលិតរូបអាសអាភាសដែលពាក់ព័ន្ធនឹងករណីជម្លោះកញ្ញា ពេជ្ររីតា និងឧកញ៉ា ហេង សៀ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com