កីឡាអន្តរជាតិ
អន្តរជាតិ
លីគកំពូលអេស្ប៉ាញ និងបារាំង បន្តរង់ចាំប្រកួតចុងក្រោយ ទើបដឹងក្រុមជើងឯក
17, May 2021 , 2:59 pm        
រូបភាព
Atletico Madrid និងម្ចាស់ការពារតំណែងជើងឯក Real Madrid ជាក្រុមដែលត្រូវប្រជែងពានរង្វាន់ La Liga របស់អេស្ប៉ាញនាការប្រកួតចុងក្រោយនាសប្តាហ៍ទី៣៨រដូវកាល ២០២០-២១ នេះ។ នៅ Ligue 1 បារាំងក៏ដូចគ្នាដែរ ម្ចាស់ជើងឯក Paris Saint-Germain ជាក្រុមតែមួយគត់ដែលសល់ឱកាសប្រជែងពានលីគកំពូលជាមួយ Lille នាការប្រកួតបិទរដូវកាលរបស់ពួកគេ។


 
Atletico Madrid នៅតែរក្សាចំណាត់ថ្នាក់កំពូលតារាងលីគកំពូលអេស្ប៉ាញបានដដែល ក្រោយវាយបកយកឈ្នះ Osasuna ដោយលទ្ធផល ២-១ វិញក្នុងការប្រកួតសប្តាហ៍ទី៣៧របស់ពួកគេនៅរាត្រីថ្ងៃទី១៦ ខែឧសភា។ 
 
ខ្សែប្រយុទ្ធ Luis Suarez បានក្លាយជាវីរបុរសសម្រាប់ក្រុមលោក Diego Simeone ក្រោយរកគ្រាប់បាល់ជ័យជម្នះនៅនាទី៨៨ ក្រោយ Renan Lodi ស៊ុតគ្រាប់តាមស្មើឱ្យ AT-Madrid នៅនាទី៨២។ Ante Budimir ជាអ្នកស៊ុតគ្រាប់នាំមុខឱ្យ Osasuna នៅនាទី៧៥។
 
AT-Madrid មាន៨៣ពិន្ទុ នាំមុខគូប្រជែង Real Madrid ចំនួន២ពិន្ទុ។ Real Madrid ជាក្រុមចុងក្រោយដែលនៅមានឱកាសប្រជែងពានលីគកំពូលអេស្ប៉ាញរដូវកាលនេះ ខណៈ Barcelona ដែលចាញ់ Celta Vigo ២-១ នៅជំនួបសប្តាហ៍ទី៣៧ សល់ត្រឹមកៅអី Champions League រដូវាលក្រោយជាមួយ Sevilla។
 
ក្រុមលោក Zinedine Zidane រកបាន៣ពិន្ទុបន្ថែមពីការយកឈ្នះ Athletic Bilbao ១-០ តាមរយៈការសម្រេចទីរបស់ខ្សែការពារ Nacho Fernandez។ ក្រុមស្តេចសរមាន៨១ពិន្ទុ តាមពីក្រោយក្រុម AT-Madrid ២ពិន្ទុ ខណៈការប្រកួតនៅសល់១លើកទៀត។
 
ជំនួបកាត់សេចក្តីក្របខណ្ឌ La Liga របស់អេស្ប៉ាញ AT-Madrid ត្រូវប៉ះ Real Valladolid ឯ Real Madrid ទទួលភ្ញៀវ Villarreal ក្នុងចំណោមការប្រកួតទាំង១០ នៅថ្ងៃទី២៣ ខែឧសភា។
នៅលីគកំពូលបារាំងឯណោះវិញ ក៏មិនខុសពីលីគអេស្ប៉ានេះដែរ។ PSG តាមក្រោយក្រុមកំពូលតារាង Lille យ៉ាងប្រកៀក ដោយចាញ់តែ១ពិន្ទុប៉ុណ្ណោះពីការប្រកួត៣៧លើកដូចគ្នា។ ដំបូងឡើង Lille នាំមុខក្រុមការពារជើងឯ៣ពិន្ទុឯណោះ ប៉ុន្តែពួកគេភ្លាត់ស្មើ Saint-Etienne ០-០ ក្នុងការប្រកួតសប្តាហ៍ទី៣៧ ស្របពេល PSG ឈ្នះ Reims ដល់ទៅ ៤-០។
 
Lille ឈរកំពូលតារាងមាន៨០ពិន្ទុ តាមពីក្រោយដោយ PSG ដែលមាន ៧៩ពិន្ទុ។ ដូច្នេះការប្រកួតផ្តាច់ព្រ័ត្រសប្តាហ៍ទី៣៨ នឹងកាត់សេចក្តីថាក្រុមណាជាម្ចាស់ជើងឯក Ligue 1 រដូវកាល ២០២០-២១នេះ ដោយ Lille ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Angers ហើយ PSG ធ្វើដំណើរទៅជួប Brest នៅថ្ងៃទី២៤ ខែឧសភា។
ដោយឡែកក្រុមបាតតារាង Nimes និង Dijon ត្រូវធ្លាក់ទៅលីគទី២រដូវកាលក្រោយ៕ 
 

Tag:
 La Liga
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com