រថយន្ត
អន្តរជាតិ
ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ឈប់ទូទាត់លុយតាម Bitcoin
17, May 2021 , 8:19 pm        
រូបភាព
ដោយ: ធីតា
លោក Elon Musk បានប្រកាសកាលពីថ្ងៃពុធ ទី១២ ខែឧសភា ថា ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់លោក លែងទទួលការបង់លុយតាមរូបិយបណ្ឌឌីជីថល Bitcoin ទៀតហើយ។

 
«Tesla បានសម្រេចព្យួរការបញ្ជាទិញរថយន្តតាមរយៈ Bitcoin»។ នេះជាការបញ្ជាក់របស់មហាសេដ្ឋី Elon Musk តាមរយៈបណ្តាញសង្គម Twitter របស់ខ្លួន ដោយបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាបរិស្ថាន ពីព្រោះការទូទាំងតាមរូបិយបណ្ណឌីជីថលមួយនេះ ជំរុញឲ្យមានការប្រើប្រាស់អគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់។
 
តាមពិតទៅកាលពីចុងខែមីនា កន្លងមក ប្រធានប្រតិបត្តិក្រុមហ៊ុន Tesla បានប្រកាសពីការទទួលយកការទូទាត់លុយតាម Bitcoin។ ប៉ុន្តែក្រោយមក លោកបានកែប្រែសំដី ជាពិសេសក្រោយរងការរិះគន់ពីសំណាក់ក្រុមអ្នកបរិស្ថាន និងដៃគូរកស៊ីមួយចំនួន។
 
កាលពីដើមឆ្នាំ Tesla បានវិនិយោគចំនួន១,៥ពាន់លានដុល្លារអាមេរិកលើ Bitcoin ហើយនៅចុងត្រីមាសដំបូង ប្រាក់វិនិយោគក្រុមហ៊ុនឡើងដល់ទៅ២,៤៨ពាន់លានដុល្លារអាមេរិក។
 
លទ្ធផលនៃការសិក្សាមួយរបស់ទស្សនាវដ្តីវិទ្យាសាស្ត្រ Nature បង្ហាញថា Bitcoin ចិន មានចំណែកជិត៨០ភាគរយនៃសេដ្ឋកិច្ចរូបិយបណ្ណឌីជីថល (CryptoCurrency) ពិភពលោក។ ប្រសិនបើគ្មានវិធានការត្រឹមត្រូវទេនោះ រូបិយបណ្ណអេឡិចត្រូនិចនេះនឹងបន្តផលិតការបំភាយកាបូនឌីអុកស៊ីតប្រមាណ១៣០,៥លានតោននៅត្រឹមឆ្នាំ២០២៤ ដែលជិតស្មើនឹងការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំនៅអ៊ីតាលី ឬអារ៉ាប៊ីសាអូឌីត។
 
ទោះបីជាយ៉ាងណាក៏ដោយ លោក Elon Musk បានអះអាង លោកនឹងមិនលក់ Bitcoin ពីក្រុមហ៊ុនរបស់ខ្លួននោះឡើយ ដោយទុកទូទាត់ការចាយវាយមួយចំនួនដែលបម្រើប្រយោជន៍សម្រាប់ថាមពលប្រកបដោយចីរភាព។
 
Bitcoin ដែលត្រូវបានគេស្គាល់ខ្លាំងជាងគេលើសកលលោក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយជនជាតិជប៉ុនម្នាក់ ដែលមិនមានអត្តសញ្ញាណពិតប្រាកដ។ ប្រតិបត្តិការរបស់ Bitcoin គឺធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដែលគេអាចផ្ទេរទឹកប្រាក់ និងព័ត៌មានពីមនុស្សម្នាក់ ទៅម្នាក់ទៀត ក្នុងបណ្ដាញរបស់ Bitcoin នេះ ដោយមិនឆ្លងកាត់ អន្តរការី (បុគ្គលទីបី) ដែលជាធនាគារនោះទេ៕
 

Tag:
 Bitcoin
© រក្សាសិទ្ធិដោយ thmeythmey.com