COVID-19
ជាតិ
កូ​វីដ​-១៩៖ ខណ្ឌ​សែន​សុខ ពោធិ៍​សែន​ជ័យ ឫស្សីកែវ និង​មានជ័យ នៅតែមាន​អត្រា​ឆ្លង​ខ្ពស់​ប្រចាំថ្ងៃ​
18, May 2021 , 8:05 pm        
រូបភាព
ភ្នំពេញ៖ មនុស្ស ១៤៣​នាក់​បន្ថែមទៀត មាន​តេស្ត​វិជ្ជមាន នៅ​រាជធានី​ភ្នំពេញ ក្នុងនោះ​ខណ្ឌ​សែន​សុខ ពោធិ៍​សែន​ជ័យ ឫស្សីកែវ និងខណ្ឌ​មានជ័យ នៅតែមាន​អត្រា​ឆ្លង​កូ​វីដ​-១៩​ខ្ពស់​ប្រចាំថ្ងៃ​។ នេះ​បើតាម​របាយការណ៍​អ្នក​ឆ្លង​កូ​វីដ​-១៩ ប្រចាំ​ថ្ងៃទី​១៧ ឧសភា របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ តាម​របាយការណ៍​ដដែល ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំងនោះ​មាន​ទារក និង​កុមារ ៩​នាក់​។

 
​តាម​របាយការណ៍​អ្នក​ឆ្លង​កូ​វីដ​-១៩​ប្រចាំ​ថ្ងៃទី​១៧ ឧសភា របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​មនុស្ស​ចំនួន​១៤៣​នាក់​ទៀត មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ក្នុងនោះ​ខណ្ឌ​សែន​សុខ​មាន​ច្រើនជាងគេ គឺ​ដល់​ទៅ​៣០​នាក់ ខណៈ​ខណ្ឌ​ពោធិ៍​សែន​មាន​២៦​នាក់ ខណ្ឌ​ឫស្សី​កែវ ២៣​នាក់ ខណៈ​ខណ្ឌមានជ័យ​មាន​២២​នាក់​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​១៣០​នាក់​នេះ មាន​ទារក និង​កុមារ​អាយុ​ក្រោម ១៥​ឆ្នាំ សរុប ៩​នាក់​។ 
 
​ក្រៅពី​ខណ្ឌ​ទាំង​៤​ខាងលើ ដែល​នៅតែមាន​អត្រា​ឆ្លង​ខ្ពស់​ប្រចាំថ្ងៃ ខណ្ឌ​៩​ផ្សេងទៀត​នៅ​ភ្នំពេញ ក៏មាន​ពលរដ្ឋ​វិជ្ជមាន​ដែរ ដែល​ខណ្ឌដង្កោ​មាន​១២​នាក់ , ខណ្ឌ​កំបូល​មាន​៥​នាក់ ,​ខណ្ឌទួលគោក និង​៧​មករា មាន​៤​នាក់​រៀងខ្លួន ខណៈ​ខណ្ឌចំការមន ច្បារអំពៅ និង​ខណ្ឌ​បឹង​កេងកង មាន​៣​ករណី​រៀងខ្លួន​ដែរ​។ ខណ្ឌដូនពេញ និង​ព្រែក​ព្នៅ ក៏មាន​២​ករណី​ដូចគ្នា​ដែរ​។ ពលរដ្ឋ​រស់នៅ​ស្រុក​មុខកំពូល ២​នាក់ និង​នៅ​ស្រុក​អង្គស្នួល ២​នាក់ ក៏​ត្រូវបាន​រកឃើញថា​មាន​វិជ្ជមាន​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ​ដែរ​។ 
 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​កើត​កូ​វីដ​-១៩ ចំនួន ២២ ៥៤៤​នាក់ ដោយ​សះស្បើយ​មាន ១៣ ០០៦​នាក់ និង​ស្លាប់​កើន​ដល់ ១៥៤​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com