តួលេខអ្នកវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៨ ឧសភានេះ ត្រូវបានបញ្ចេញជាបន្តបន្ទាប់ តាមរយៈរដ្ឋបាលខេត្តមួយចំនួន ដែលក្នុងនោះ ខេត្តកំពង់ស្ពឺបន្តរកឃើញ ៣៨នាក់, បាត់ដំបង ៧នាក់ , កំពង់ធំ និងប៉ៃលិន មាន៣ករណីថ្មីរៀងខ្លួន ខណៈខេត្តស្ទឹងត្រែង មាន១នាក់បន្ថែម។
មនុស្ស ៣៨នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺ ដែលភាគច្រើន ជាកម្មកររោងចក្រ និងមានអ្នកសះស្បើយ៦នាក់បន្ថែមដែរ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង៣៨នាក់នេះ មាន១៧នាក់នៅស្រុកភ្នំស្រួច, ១០នាក់ នៅស្រុកសំរោងទង, ៧នាក់ នៅក្រុងច្បារមន និង៤នាក់នៅស្រុកគងពិសី។ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ពីករណីសះស្បើយ ៦នាក់បន្ថែមដែរ ដែលធ្វើឱ្យអ្នកសះស្បើយក្នុងខេត្តនេះ គិតត្រឹមថ្ងៃទី១៨ ឧសភា មាន៤២នាក់។
ដោយសារតែអត្រាអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅតែខ្ពស់ នៅយប់ថ្ងៃទី១៨ ឧសភានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានសម្រេចបិទខ្ទប់ភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ជាបណ្ដោះអាសន្ន បន្ទាប់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ខ្លាំង។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលរយៈពេល១សប្តាហ៍ទៀតផងដែរ ពោលគឺរហូតដល់ថ្ងៃទី ២៤ ឧសភា។
ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែឧសភា នេះ ក៏មានករណីវិជ្ជមានកូវីដ-១៩ បន្ថែម៧នាក់ទៀតដែរ លើកម្មករសំណង់។ ក្នុងចំណោមនោះ មាន៤នាក់ដែលទើបត្រឡប់ពីរាជធានីភ្នំពេញ ហើយនឹងមានទីលំនៅក្នុងភូមិអំពិលឈួង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី។ ចំណែក៣នាក់ទៀត ជាកម្មករសំណង់ទើបមកពីប្រទេសថៃ ដោយក្នុងនោះ ២នាក់ មានអាសយដ្ឋានៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងម្នាក់ទៀត រស់នៅភូមិបឹងក្រសាល ឃុំស្ទឹង ស្រុកបាណន់។ តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី១៨ ឧសភា ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ សរុប១០៣នាក់ ក្នុងនោះ ៣៨នាក់ បានជាសះស្បើយ និងម្នាក់បានស្លាប់។ អ្នកកំពុងបន្តព្យាបាល មានចំនួន៦៤នាក់។
ខេត្តកំពង់ធំ ក៏បានរកឃើញពលរដ្ឋ ៣នាក់បន្ថែមទៀតដែរ មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៨ ខែឧសភានេះ ដោយ២នាក់ជាអ្នកដំណើរពីរាជធានីភ្នំពេញ និងម្នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងអ្នកផ្ទុកកូវីដ-១៩កន្លងមក។ ក្នុងចំណោមអ្នកវិជ្ជមានទាំង៣នាក់ មានម្នាក់ រស់នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ, ម្នាក់រស់នៅ ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក និងម្នាក់ទៀតរស់នៅឃុំកំពង់ចិនត្បូង ស្រុកស្ទោង។
ខេត្តប៉ៃលិន ក៏បានរកឃើញអ្នកវិជ្ជមានបន្ថែម ៣នាក់ដែរ នៅថ្ងៃអង្គារនេះ។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន បញ្ជាក់ថាក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ថ្មីទាំង៣នាក់នេះ គឺជាប្តីប្រពន្ធមួយគូ ដែលជាអ្នកធ្វើចម្ការ មានអាសយដ្ឋាននៅភូមិធ្លោកវៀន ឃុំធ្លោកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយបានធ្វើដំណើរទៅខេត្តប៉ៃលិន។ ចំណែកម្នាក់ទៀតជាស្ត្រីវ័យ ៦៤ឆ្នាំ មានអាសយដ្ឋាននៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី១៨ ខែឧសភានេះ ខេត្តស្ទឹងត្រែង ក៏មានករណីវិជ្ជមានបន្ថែម ១នាក់ទៀតដែរ តាមរយៈការធ្វើតេស្តរហ័ស។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង អ្នកវិជ្ជមានរូបនេះជាបុរសវួយ ១៨ឆ្នាំ ដែលមានពាក់ព័ន្ធអ្នកវិជ្ជមាននៅឯឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។
គិតត្រឹមថ្ងៃទី១៧ ឧសភា កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២២ ៥៤៤នាក់ ដោយសះស្បើយមាន ១៣ ០០៦នាក់ និងស្លាប់កើនដល់ ១៥៤នាក់៕