COVID-19
ជាតិ
ពលរដ្ឋនៅតំបន់ក្រហមជាង៧២ម៉ឺននាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩
19, May 2021 , 6:59 pm        
រូបភាព
 គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហម កាលពីថ្ងៃទី១៧ឧសភា ឆ្នាំ២០២១។ រូបថត៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហម កាលពីថ្ងៃទី១៧ឧសភា ឆ្នាំ២០២១។ រូបថត៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
ក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ បានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(COVID-19) ដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហមនៅភ្នំពេញ បាន៧២៥,២១២នាក់ហើយ ។ ក្នុងនោះ ពលរដ្ឋ១០០,៩១៦នាក់ បានចាក់ដូសទី២រួចហើយ។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ។

 
ពលរដ្ឋជាង៧២ម៉ឺននៅតំបន់ក្រហម ដែលបានចាក់វ៉ាក់សាំងហើយនោះ គឺស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ។ ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យពលរដ្ឋនៅតំបន់ក្រហម ចាប់ពីថ្ងៃទី១ឧសភា ឆ្នាំ២០២១មក។ 
 
បើតាមរបាយការណ៍ក្រសួងសុខាភិបាល កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  ដល់ប្រជាពលរដ្ឋ និងកងកម្លាំងយោធានៅទូទាំងប្រទេសបាន២,១៣៣,១១៦នាក់ហើយ នាត្រឹមថ្ងៃទី១៩ឧសភានេះ។ ចំនួនអ្នកដែលបានចាក់វ៉ាក់សាំងនេះ គឺស្មើនឹងអត្រា២០,១៣ភាគរយនៃមនុស្សសរុប១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ 
 
បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ មានវ៉ាក់សាំងCovishield ចំនួន៣២៤,០០០ដូស វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន១,៧លានដូស និងវ៉ាក់សាំងរបស់Sinovac ចំនួន៣លានដូស ខណៈវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១លានដូសទៀត  នឹងមកដល់កម្ពុជា នៅថ្ងៃទី២៣ឧសភា ឆ្នាំ២០២១៕
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com