កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ចាត់ទុកជ័យជម្នះលើ Burnley ជាជំនួបពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីប្រជែង Top 4
20, May 2021 , 12:10 pm        
រូបភាព
លោក Jurgen Klopp ចាត់ទុកការប្រកួតដែល Liverpool ឈ្នះ Burnley ៣-០ ក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី៣៧ ជាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Liverpool នឹងបន្តដល់វគ្គផ្តាច់ព្រ័ត្រដោយត្រូវតទល់ជាមួយ Crystal Palace ដើម្បីដណ្តើមចំណាត់ថ្នាក់ទី៤ក្នុងតារាងលីគកំពូលអង់គ្លេសរដូវកាលនេះ។


Roberto Firmino, Nathaniel Phillips និង Alex Oxlade-Chamberlain រកបានម្នាក់១គ្រាប់ដើម្បីជួយហង្សក្រហមទទួលបាន៣ពិន្ទុបន្ថែមក្នុងជំនួបដ៏សំខាន់នៅរាត្រីថ្ងៃទី១៩ ខែឧសភា ដើម្បីបន្តប្រជែងយកកៅអី Champions League រដូវកាលក្រោយ។
 
តាមរយៈជ័យជម្នះ ៣-០ លើក្រុម Burnley នេះ ក្រុមលោក Klopp បានឈានចូលក្នុងចំណាត់ថ្នាក់ទី៤វិញ ដោយជំនួស Leicester City ដែលធ្លាក់ទៅលេខ៥។ Liverpool រកបាន៦៦ពិន្ទុ ស្មើគ្នាជាមួយ Leicester តែមានសំណល់គ្រាប់បាល់ល្អជាង ក្រោយឆ្លងកាត់ការប្រកួត៣៧លើកដូចគ្នា។
 
Klopp បានប្រាប់ទូរទស្សន៍ Sky Sports ក្រោយជ័យជម្នះនេះថា៖ «នេះជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យើងត្រូវតែឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រ។ Liverpool ត្រូវឈ្នះក្នុងការប្រកួតផ្តាច់ព្រ័ត្រ ពោលគឺនៅជំនួបបិទរដូវកាលដើម្បីប្រាកដថា ពួកគេអាចលេងក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយ។
 
មកទល់ពេលនេះមានតែក្រុម៣ប៉ុណ្ណោះដែលសល់ឱកាសប្រជែងកៅអី Champions League ក្នុងការប្រកួតចុងក្រោយរដូវកាលនេះ ដែលរួមមាន Chelsea ដែលឈរលេខ៣មាន៦៧ពិន្ទុ រួមជាមួយ Liverpool និង Leicester។ ក្រុមទាំងបីត្រូវប្រជែងយកចំណាត់ថ្នាក់ទី៣ និង៤ ឯក្រុមលេខសល់កៅអី Europa League។
 
ហង្សក្រហម នឹងត្រូវទទួលស្វាគមន៍ Crystal Palace ក្នុងការប្រកួតចុងក្រោយនៅ Anfield ខណៈក្រុមកញ្ជ្រោងត្រូវធ្វើដំណើរទៅជួប Tottenham Hotspur។ Chelsea ត្រូវប៉ះ Aston Villa នៅក្រៅដីនៅថ្ងៃទី២៣ ខែឧសភា វេលាម៉ោង១០:០០នាទីយប់ [ម៉ោងនៅកម្ពុជា]។
 
ដោយឡែកក្រុម៣ទៀត ដែលសល់ឱកាសប្រជែង១កៅអីដើម្បីលេងនៅ Europa League រដូវក្រោយមាន West Ham United, Tottenham Hotspur និង Everton។ ចំណោម៣ក្រុមនេះ West Ham ដែលមាន៦២ពិន្ទុ មានឱកាសខ្ពស់ជាងគេ ខណៈ Everton ដែល៥៩ពិន្ទុ សល់ឱកាសតិចតួចបំផុត ដ្បិតសំណល់គ្រាប់បាល់មានគំលាតឆ្ងាយ។ Spurs ដែលមាន៥៩ពិន្ទុ ក៏មិនមានឱកាសច្រើនដែរ ប៉ុន្តែបើចំនួបចុងក្រោយពួកគេរកបាន៣ពិន្ទុបន្ថែម ហើយ West Ham ភ្លាត់ចាញ់ នោះមាន់ខ្នាយមាសនឹងបានកៅអីក្របខណ្ឌទី២អឺរ៉ុបមិនខាន ដ្បិតមានសំណល់គ្រាប់បាល់ល្អជាង៕
 

Tag:
 Liverpool
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com