កីឡាអន្តរជាតិ
អន្តរជាតិ
Juventus និង PSG ឈ្នះជើងឯក Cup រៀងៗខ្លួន
20, May 2021 , 2:59 pm        
រូបភាព
Juventus បញ្ចប់រដូវកាលរបស់ខ្លួនដោយទទួលបានពាន Coppa Italia ក្រោយប្រកួតឈ្នះ Atalanta ២-១ នៅវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី១៩ ខែឧសភា។ Paris Saint-Germain ក៏បានក្លាយជាជើងឯក French Cup ជាលើកទី៦របស់ខ្លួនផងដែរ តាមរយៈការយកឈ្នះ Monaco នៅវគ្គផ្តាច់ព្រ័ត្រ ២-០។


ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៤ពាន់នាក់ក្នុងជំនួបផ្តាច់ព្រ័ត្រ Coppa Italia ខ្សែប្រយុទ្ធ Federico Chiesa ជាអ្នកស៊ុតគ្រាប់បាល់ជ័យជម្នះនៅនាទី៧៣ ដើម្បីជួយសេះបង្កង់ស្គាល់ជាតិពានលើកដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Andrea Pirlo។ Dejan Kulusevski រកបានគ្រាប់បើកឆាកឱ្យ Juventus នៅនាទី៣១ មុនពេល Ruslan Malinovsky តាមស្មើឱ្យ Atalanta វិញនៅនាទី៤១។ 
 
នេះជាការឈ្នះពានរង្វាន់ Coppa Italia ជាលើកទី១៤ របស់ Juventus និងជាពានតែមួយគត់ដែលពួកគេទទួលបាននៅរដូវកាល ២០២០-២១នេះ។ ក្រោមការដឹកនាំរបស់លោក Pirlo ក្រុមយក្សអ៊ីតាលីមួយនេះ មិនត្រឹមតែមិនអាចការពារតំណែងជើងឯក Serie A របស់ខ្លួនបាន ហើយថែមទាំងប្រឈមមិនបានកៅអីលេង Champions League រដូវកាលក្រោយថែមទៀត។



ឆ្លងកាត់ការប្រកួត៣៧លើក Juventus រកបាន៧៥ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៥ក្នុងតារាងលីគកំពូលអ៊ីតាលី ដោយតាមពីក្រោយលេខ៤ Napoli និងក្រុមលេខ៣ AC Milan ចំនួន១ពិន្ទុ។ ក្រុមទាំងបីនេះត្រូវប្រជែងគ្នាដណ្តើមកៅអី Champions League ដែលនៅសល់២កៅអី នៅជំនួបលីគចុងក្រោយ ដោយ Juventus ត្រូវជួប Bologa ឯ Napoli ប៉ះ Verona ហើយ AC Milan តទល់ជាមួយក្រុមខ្លាំង Atalanta។
 
នៅបារាំងឯណោះវិញ Paris St-Germain ក៏បានក្លាយជាម្ចាស់ពាន French Cup ផងដែរ។ PSG ក្រោមការដឹកនាំរបស់លោក Mauricio Pochettino បានយកឈ្នះ Monaco ២-០ នៅវគ្គផ្តាច់ព្រ័ត្រ តាមរយៈការរកគ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ Mauro Icardi និង Kylian Mbappe។
 
នេះជាពានទីពីររបស់ PSG រដូវកាលនេះ ក្រោយឈ្នះ Trophee des Champions តាំងពីពាក់កណ្តាលខែមរាមក។ ក្រុមលោក Pochettino នៅសល់ឱកាសការពារតំណែងជើងឯកលីគកំពូលបារាំង Ligue 1 របស់ខ្លួនផងដែរ ដោយត្រូវប្រជែងជាមួយ Lille ក្នុងការប្រកួតបិទរដូវកាល ដើម្បីកាត់សេចក្តី ។
  


PSG មាន៧៩ តាមពីក្រោយក្រុមកំពូលតារាង Lille ចំនួន១ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៣៧លើករៀងខ្លួន។ ជំនួបបិទរដូវកាល ២០២០-២១ របស់បារាំងត្រូវធ្វើនៅរាត្រីថ្ងៃទី២៣ ខែឧសភា ដោយក្នុងនោះ PSG ត្រូវប៉ះម្ចាស់ផ្ទះ Brest ខណៈ Lille ត្រូវទៅជួប Angers។
 
PSG ត្រូវការឈ្នះជាចាំបាច់នៅជំនួបចុងក្រោយនេះ ដើម្បីធានាកៅអី Champions League ដោយមិនបាច់ជម្រុះ play off រដូវកាលក្រោយផងដែរ ដ្បិតក្រុមលេខ៣ Monaco ក៏មាន៧៧ពិន្ទុផងដែរ។ Monaco ក៏ត្រូវការឈ្នះចាំបាច់ដូចគ្នា ខណៈក្រុមលេខ៤ Lyon កំពុងតាមប្រកិតដោយមាន៧៦ពិន្ទុ។
 
នៅលីគកំពូលបារាំង ទទួលបានកូតាលេង Champions League ដោយមិនចាច់ជម្រុះតែ២កៅអីប៉ុណ្ណោះ ពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ខណៈលេខ៣ ត្រូវប្រកួតជម្រុះ៕
 

Tag:
 Juventus
  Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com