កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ Man Utd លោក Glazer ប្រកាសជួបអ្នកគាំទ្រខ្លួន ក្រោយការតវ៉ាច្រើនលើក
20, May 2021 , 11:29 pm        
រូបភាព
លោក Joel Glazer សហប្រធានក្លិប Manchester United នឹងជួបជាមួយអ្នកគាំទ្រដោយផ្ទាល់ជាលើកដំបូងនៅក្នុងវេទិកាអ្នកគាំទ្រនៅថ្ងៃទី៤ ខែមិថុនា។ ក្លិបបិសាចក្រហមប្រកាសដូច្នេះនៅថ្ងៃទី១៩ ខែឧសភា ខណៈដែលការជួបនេះ កើតឡើងក្រោយអ្នកគាំទ្រតវ៉ាទាមទារឱ្យគ្រួសារ Glazer ចុះចេញពីតំណែងប្រធានក្លិប។



បើទោះ Man Utd ប្រកាសដកខ្លួនចេញពីគម្រោងបង្កើតពាន European Super League ប៉ុន្តែការតវ៉ាប្រឆាំងនឹងក្រុមគ្រួសារ Glazer នៅ Old Trafford ពីសំណាក់អ្នកគាំទ្របានកើតឡើងយ៉ាងខ្លាំងក្លា។ ការតវ៉ារបស់អ្នកគាំទ្រ ក៏បានធ្វើឱ្យបិសាចក្រហមត្រូវខកខាន រហូតត្រូវពន្យាការប្រកួតជាមួយ Liverpool ទៀតផង។
 
ការតវ៉ាម្តងជាពីរដងពីសំណាក់អ្នកគាំទ្រនេះ ដោយសារពួកគេចង់ឱ្យគ្រួសារ Glazer ចាកចេញពីតំណែងម្ចាស់ភាគហ៊ុនរបស់ក្លិបបិសាចក្រហម ដោយរិះគន់ និងបង្ហាញការមិនពេញចិត្តអំពីរបៀបដឹកនាំរបស់ក្រុមគ្រួសារមហាសេដ្ឋីអាមេរិក ដែលតែងតែចាយវាយប្រាក់ដែលរកបានពីក្លិប ខុសគោលដៅ។
 
យ៉ាងណា ក្រោយជំនួបសារជាថ្មីរវាង Man Utd និង Livperpool ដែមមានការតវ៉ាដដែលនោះលោក Joel Glazer សន្យាថានឹងជួបជាមួយអ្នកគាំទ្រម្តង នៅក្រោយបញ្ចប់រដូវកាល។ ទីបំផុតលោក Glazer ពិតជាអនុវត្តន៍តាមការសន្យា។
 
«ខ្ញុំទន្ទឹងរង់ចាំជួបជាមួយអ្នកគាំទ្រ ក្នុងវេទិកាអ្នកគាំទ្រដើម្បីស្តាប់ទស្សនៈរបស់ពួកគេ និងដើម្បីជាផ្នែកមួយនៃការពិភាក្សាប្រកបដោយការស្ថាបនា។ លោក Glazer បានប្រាប់វេបសាយរបស់ Man Utd ដូច្នេះ។
 
សមាជិកគ្រួសារមហាសេដ្ឋីអាមេរិករូបនេះបន្ថែមថា លោកជឿជាក់ថាកិច្ចប្រជុំនេះនឹងកើតជាផ្លែផ្កា និងកិច្ចសហប្រតិបត្តិការជាវិជ្ជមានរវាងក្លិប និងអ្នកគាំទ្រចាប់ពីរដូវកាលក្រោយទៅ៕
 

Tag:
 Glazer
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com