លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចឱ្យផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បើកដំណើរការឡើងវិញបាន ចាប់ពីថ្ងៃទី២៤ឧសភា ឆ្នាំ២០២១ តទៅ។ អភិបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា ចំពោះផ្សារមិនរៀបរយ ដូចជា ផ្សារក្រមួន ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារតាមចិញ្ចឹមផ្លូវជាដើមនោះ គឺមិនត្រូវបានអនុញ្ញាតឱ្យដំណើរការឡើយ។
ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈគ្រប់គ្រងផ្សាររដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងនូវជំងឺកូវីដ-១៩(COVID-19)។
សេចក្តីសម្រេចរបស់លោក ឃួង ស្រេង នាល្ងាចថ្ងៃទី២០ឧសភានេះ បានតម្រូវឱ្យអភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈគ្រប់គ្រងផ្សាររដ្ឋទាំងអស់នៅភ្នំពេញ ត្រូវឱ្យអាជីវករលក់ដូរទំនិញណាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃតែប៉ុណ្ណោះ។ ប៉ុន្តែចំពោះ តូបលក់អាហារ និងតូបភេសជ្ជៈក្នុងបរិវេណផ្សារ មិនត្រូវទទួលអតិថិជនទទួលទាននៅកន្លែងឡើយ។
ត្រូវកំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំផ្សារ ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដោយត្រូវចៀសវាងការប្រជៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការចម្លងមេរោគកូវីដ-១៩។ គណៈគ្រប់គ្រងផ្សាររដ្ឋទាំងអស់ ត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១ម៉ែត្រកន្លះ ជាចាំបាច់ ក្នុងបរិវេណផ្សារនីមួយៗ។
ចំពោះអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយ ដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានការកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពចាំបាច់។ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ក្នុងករណីមានបុគ្គលមិនពាក់ម៉ាស់ឬពាក់ម៉ាស់មិនត្រឹមត្រូវឬមិនរក្សាគម្លាតសុវត្ថិភាព អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីនិងគណៈគ្រប់គ្រងផ្សាររដ្ឋទាំងអស់ ត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ក្នុងអន្តរការណ៍ពី២០ម៉ឺន ដល់១លានរៀល និងពិន័យចំនួន២លានរៀល ចំពោះអ្នកដែលជួបជុំឬប្រមូលផ្តុំគ្នា នៅក្នុងបរិវេណផ្សារ។
គណៈគ្រប់គ្រងផ្សាររដ្ឋទាំងអស់ ត្រូវរៀបចំច្រកចេញ-ចូលផ្សារ ដើម្បីងាយស្រួលគ្រប់គ្រងការចេញ-ចូលរបស់អាជីវករ និងអតិថិជន និងកំណត់ច្រកសុវត្ថិភាពសម្រាប់ការសង្គ្រោះ និងគ្រប់គ្រងស្ថានភាពអាសន្ន។ តាមផ្សារនីមួយៗ តម្រូវឱ្យមានអ្នកវាស់កម្តៅ បាញ់អាល់កុល និងអនុវត្តការស្កេន QR Code ឬ(ទប់ស្កាត់កូវីដ-១៩ _ Stop Covid) នៅតាមបណ្តាច្រកចេញ-ចូលផ្សារ។
ត្រូវបាញ់ថ្នាំសម្លាប់មេរោគ ជាប្រចាំក្នុងបរិវេណផ្សារ និងផ្នែកខាងក្នុងផ្សារ។ គណៈគ្រប់គ្រងផ្សាររដ្ឋនីមួយៗ ត្រូវបង្កើនការប្រុងប្រយ័ត្ន នៅពេលប្រមូលសំរាម ដោយត្រូវដាក់ពង្រាយធុងសំរាមឱ្យបានគ្រប់គ្រាន់ និងត្រូវអនាម័យជានិច្ចក្នុងពេលប្រមូលសំរាម រួមទាំងវិធានទប់ស្កាត់ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មួយចំនួនទៀត។
សូមជម្រាបថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍២០កុម្ភៈ បានបង្ខំឱ្យរដ្ឋបាលរាជធានីភ្នំពេញ សម្រចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយ កាលពីយប់ថ្ងៃទី២៣មេសា ឆ្នាំ២០២១មក។ ផ្សាររដ្ឋនៅរាជធានីភ្នំពេញ មានចំនួនជិត៣០កន្លែង ដោយក្នុងនោះមាន ផ្សារទួលទំពូង ផ្សារអូរឫស្សី ផ្សារបឹងត្របែក ផ្សារដើមគ ផ្សារប៉េសេ ផ្សារដេប៉ូ ផ្សារនាគមាស ផ្សារអូរឡាំពិក ផ្សារធំថ្មី និងផ្សារត្រពាំងថ្លឹង ជាដើម៕