ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្រ្តីការទូតជាន់ខ្ពស់អាមេរិក នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា
22, May 2021 , 3:19 pm        
រូបភាព
រូបពីក្រសួងការបរទេសអាមេរិក
រូបពីក្រសួងការបរទេសអាមេរិក
មន្ត្រីជាន់ខ្ពស់លំដាប់ទីពីរនៃក្រសួងការបរទេសអាមេរិក លោកស្រី Wendy R. Sherman នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ច៥ប្រទេសមានរយៈពេល១០ថ្ងៃ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

 
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា លោកស្រី Wendy R. Sherman ដែលជារដ្ឋលេខាធិការ នឹងធ្វើទស្សនកិច្ចនៅបែលហ្ស៊ិក តួកគី ឥណ្ឌូណេស៊ី កម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា។ ទីក្រុងព្រុចសែល ជាគោលដៅដំបូងរបស់លោកស្រី Sherman មុនបន្តដំណើរទៅទីក្រុងអង់ការ៉ា រួចមកកាន់តំបន់អាស៊ីអាគ្នេយ៍ដោយធ្វើទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា រាជធានីភ្នំពេញ និងទីក្រុងបាងកក មុនបញ្ចប់នៅកោះហាវ៉ៃ។
 
ទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ មានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះអាស៊ាន និងដោះស្រាយបញ្ហាជាច្រើនទាំងកម្រិតទ្វេភាគី និងតំបន់ រាប់ទាំងបញ្ហាមីយ៉ាន់ម៉ាផង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។ 
 
សម្រាប់ទស្សនកិច្ចនៅកម្ពុជា ក្រសួងការបរទេសអាមេរិក មិនបញ្ជាក់ព័ត៌មានលម្អិតឡើយ។ សេចក្ដីប្រកាសព័ត៌មានសរសេរថា៖ «នៅទីក្រុងភ្នំពេញ រដ្ឋលខាធិការ នឹងមានជំនួបជាច្រើន។»
 
សូមបញ្ជាក់ថា លោកស្រី Sherman បានស្បថចូលកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកទី២១ កាលពីថ្ងៃទី ១៤ ខែមេសា និងជាស្ត្រីដំបូងគេបង្អស់កាន់មុខតំណែងនេះ ដែលជាមុខតំណែងលំដាប់ទីពីរនៃក្រសួងការបរទេសអាមេរិក៕
 
 

Tag:
 ជាតិ
  នយោបាយជាតិ
  កម្ពុជា
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com