ជាតិ
បទសម្ភាសន៍
អ្នកស្រាវជ្រាវបារម្ភពីការបាត់បង់ភាសាចាម ខណៈសហគមន៍កម្ចីភាសាបរទេសមកជំនួសភាសាដើមច្រើន
22, May 2021 , 3:59 pm        
រូបភាព
សៀមរាប៖ អ្នកស្រាវជ្រាវផ្នែកភាសាចាមនៅកម្ពុជា បានមើលឃើញថា ការប្រើប្រាស់ភាសាចាមនាពេលបច្ចុប្បន្ន មានការវិវត្តន៍ខុសប្រក្រតី ឬខុសពីគោលដៅជាក់ស្ដែង។ លោក ឡឹប កើ អ្នកស្រាវជ្រាវភាសា និងសហគមន៍ចាមនៅកម្ពុជា បានសង្កត់ធ្ងន់ថា ជនជាតិចាមមួយចំនួនបានកម្ចីភាសាបរទេស មកប្រើជំនួសភាសារបស់ខ្លួនដែលមានស្រាប់ទៅវិញ។ ការណ៍នេះ ធ្វើឱ្យអ្នកស្រាវជ្រាវរូបនេះបារម្ភពីហានិភ័យនៃការបាត់បង់ភាសាចាម ខណៈបច្ចុប្បន្នកាន់តែខើចអ្នកប្រើទៅហើយនោះ។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ គឺអ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក ឡឹប កើ ដូចតទៅនេះ៖





 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ឡឹប កើ ពន្យល់ថា សហគមន៍បានកម្ចីពាក្យពីប្រទេសមួយចំនួន មកប្រើពាក្យរបស់ខ្លួនដែលមានស្រាប់ ដូចជាពាក្យ «និង» ដែលចាមនិយាយថា «ហង់» ខណៈជនជាតិចាមនិយមនិយាយថា «ទ៊ែន» ជាពាក្យម៉ាឡេទៅវិញ។ ការនិយមប្រើដូច្នេះ គឺជាហានិភ័យនៃការបោះបង់ភាសាដើមដោយមិនដឹងខ្លួន។ អ្នកស្រាវជ្រាវរូបនេះអះអាងថា ដោយសារភាសាចាមពុំមានចងក្រងជាសៀវភៅ ឬពុំមានអ្នកសរសេរច្រើន ហេតុដូច្នេះទើបសហគមន៍ខ្លួនឯង មិនសូវខ្វល់ខ្វាយពីគុណតម្លៃរបស់វា។


 រូបភាពផ្តល់ដោយ លោក ឡឹប កើ អ្នកស្រាវជ្រាវភាសា និងសហគមន៍ចាមនៅកម្ពុជា 

នាពេលបច្ចុប្បន្ននេះ សហគមន៍ចាមមួយផ្នែកធំបានបោះបង់ការសរសេរអក្សរ ដោយនៅត្រឹមភាសានិយាយប៉ុណ្ណោះ ហើយភាសានិយាយនោះទៀតសោត ក៏មានការកម្ចីច្រើន ដូចជាកម្ចីភាសាខ្មែរ ភាសាម៉ាឡេ និងអារ៉ាប់ជាដើម។ ការបាត់បង់ការសរសេរអក្សររបស់ខ្លួន រួមនិងការវិវត្តន៍ភាសានេះ ធ្វើឱ្យអ្នកស្រាវជ្រាវកំពុងបារម្ភពីគ្រោះថ្នាក់នៃការបាត់បង់អក្សរ និងភាសានាពេលអនាគត ខណៈសហគមន៍ខ្លួនមិនបានឱ្យតម្លៃ ឬគិតថាភាសាខ្លួនគេមិនឱ្យតម្លៃ។ ចំណុចនេះលោក ឡឹប កើ ពន្យល់ថា មិនដូចការគិតនេះទេ គឺរាជរដ្ឋាភិបាល ក៏ដូចជាសហគមន៍ដទៃទៀតតែងលើកទឹកចិត្ត ឱ្យតម្លៃ និងសប្បាយចិត្តដែលជនជាតិចាមនៅរក្សាអត្តសញ្ញាណខ្លួនឯងមកដល់សព្វថ្ងៃ។
 
ក្នុងនាមជាអ្នកស្រាវជ្រាវ លោក ឡឹប កើ ជំរុញឱ្យសហគមន៍ចាមត្រូវយល់ពីសារប្រយោជន៍នៃភាសាខ្លួនឡើងវិញ ត្រូវចាប់ផ្តើមរៀន សរសេរ និងនិយាយឱ្យបានច្រើនឡើងវិញ៕
 


រូបភាពផ្តល់ដោយ លោក ឡឹប កើ អ្នកស្រាវជ្រាវភាសា និងសហគមន៍ចាមនៅកម្ពុជា 
 
 
 
 

Tag:
 ភាសាចាម
  កម្ចីភាសា
  ឡឹប កើ
© រក្សាសិទ្ធិដោយ thmeythmey.com