ជាតិ
សុខភាព
ភ្នំពេញ មាន២១៥នាក់ទៀត ឆ្លងកូវីដ-១៩ ដោយភាគច្រើន ជាកម្មកររោងចក្រ
22, May 2021 , 6:21 pm        
រូបភាព
នារសៀលថ្ងៃទី២២ឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញប្រកាសរកឃើញមនុស្សចំនួន២១៥នាក់ ឆ្លងជំងឺកូវីដ-១៩ (COVID-19)។ អ្នកជំងឺកូវីដ-១៩ទាំងនោះ ភាគច្រើនគឺជាកម្មកររោងចក្រ ដែលមានរហូតដល់ជាង១១០នាក់។

 
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មនុស្ស២១៥នាក់ ដែលវិជ្ជមានកូវីដ-១៩នោះ ក្រៅពីកម្មកររោងចក្រ ក៏មានកម្មករសំណង់, បុគ្គលិកធនាគារ, មន្ត្រីនគរបាល, អាជីវករ អ្នកដឹកជញ្ជូន, អ្នករត់ម៉ូតូឌុប និងពលរដ្ឋមួយចំនួនទៀតផងដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនេះ មានទារក និងកុមារអាយុក្រោម ១៥ឆ្នាំ ចំនួន១៥នាក់។ 
 
តាមរបាយការណ៍ អ្នកឆ្លងជំងឺកូវីដ-១៩ខាងលើ ភាគច្រើនជាអ្នកដែលរស់នៅក្នុង ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯ ខណ្ឌឫស្សីកែវ ក៏មិនទាន់ស្រាកស្រាន្តដែរ ខណៈខណ្ឌជាច្រើនទៀត រួមមាន ទួលគោក, ដង្កោ, ដូនពេញ, ចំការមន, ជ្រោយចង្វារ,ច្បារអំពៅ, បឹងកេងកង, និងខណ្ឌកំបូល ក៏បន្តមានករណីឆ្លងកូវីដ-១៩ ជារៀងរាល់ថ្ងៃ ផងដែរ។
 
ក្រៅពីនេះ មានពលរដ្ឋ១៣នាក់ គឺមានអាសយដ្ឋាននៅស្រុកពញាឮ និងស្រុកមុខកំពូលខេត្តកណ្តាល និង១នាក់ នៅខេត្តកំពង់ចាម និង៣នាក់ទៀត នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ក៏តេស្តឃើញវិជ្ជមានកូវីដ-១៩ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២០ឧសភា ដែរ។  
 
គិតមកដល់នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា កើនដល់២៤,៦៤៥ ដោយក្នុងនោះ មាន១៧,១៦៤នាក់ បានជាសះស្បើយ និង មាន១៦៧នាក់ទៀត បានបាត់បង់ជីវីតដោយសារជំងឺនេះ ខណៈមនុស្ស៧,៤៨១ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរនានា នៅរាជធានី និងខេត្ត៕ 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com