COVID-19
ជាតិ
ភរិយាលោក គុណ ណារ៉ាក អតីតកីឡាករហែលទឹកជម្រើសជាតិ ស្លាប់ជាមួយកូនក្នុងផ្ទៃ អំឡុងពេលឆ្លងកូវីដ-១៩ លោក គុណ ណារ៉ាក អតីតកីឡាករហែលទឹកជម្រើសជាតិលោក ជាមួយភរិយា។
× ភ្នំពេញ៖ អ្នកស្រី អ៊ុំ សុខខែម ដែលជាភរិយារបស់អតីតកីឡាករហែលទឹកជម្រើសជាតិ លោក គុណ ណារ៉ាក បានទទួលមរណភាពជាមួយកូនក្នុងផ្ទៃអាយុ៧ខែ នាអំឡុងឆ្លងកូវីដ-១៩។ ភរិយាអតីតកីឡាករ ហែលទឹកជម្រើសជាតិរូបនេះ បានទទួលមរណភាព កាលយប់ថ្ងៃទី២២ឧសភា ឆ្នាំ២០២១ នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត។
លោក គុណ ណារ៉ាក ប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទទាំងក្តីសោកសៅថា ភរិយារបស់លោក បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ នៅយប់ថ្ងៃទី១៩ ឧសភា ឆ្នាំ២០២១។ មុនពេលធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ភរិយារបស់លោក មានអាការៈក្តៅខ្លួន ហត់ និង ពិបាកដកដង្ហើម ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនមួយកន្លែងឈ្មោះមហាទេព ដែលមានទីតាំងនៅចាក់អង្រែក្រាម។
លោក មានប្រសាសន៍៖««គ្រូពេទ្យនៅមន្ទីរពេទ្យឯកជននោះ ពិនិត្យឃើញភរិយារបស់ខ្ញុំ មានបញ្ហារលាកសួត ទើបលោកសង្ស័យ និងបញ្ជូនភរិយារបស់ខ្ញុំមកធ្វើតេស្តរកកូវីដ-១៩ នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត តាំងយប់ថ្ងៃទី១៩ឧសភា»។
សារព័ត៌មាន ThmeyThmey ពុំអាចសុំការបញ្ជាក់បន្ថែមពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឡើយ ដោយទូរសព្ទហៅចូល ប៉ុន្តែគ្មានអ្នកទទួល។
របាយការណ៍ពីក្រសួងសុខាភិបាល បានបង្ហាញថា នាថ្ងៃទី២២ឧសភា មានមនុស្សចំនួន៩នាក់ទៀត បានបាត់បង់ជីវិត ដោយសារតែជំងឺកូវីដ-១៩។ ករណីស្លាប់បន្ថែមនេះ បានធ្វើឱ្យកម្ពុជា កើនចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ រហូតដល់ ១៧៦នាក់ ខណៈអ្នកឆ្លងសរុប មាន២៥,២០៥នាក់ តែបានជាសះស្បើយវិញ១៧៧០១នាក់ហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com