អន្តរជាតិ
វៀតណាម រៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភា ខណៈកូវីដ-១៩ កំពុងអុកឡុក
23, May 2021 , 5:59 pm        
រូបភាព
ប្រជាជនវៀតណាមដែលពាក់ម៉ាស់ នាំគ្នាតម្រង់ជួរនៅតាមមណ្ឌលទូទាំងប្រទេសដើម្បីបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិថ្មីនៅថ្ងៃទី២៣ ខែឧសភា។ ការបោះឆ្នោត ធ្វើឡើងចំពេលដែលជំងឺកូវីដ-១៩ កំពុងអុកឡុកវៀតណាមខ្លាំងលើសរលកឆ្លងមុនៗ។ បេក្ខជនច្រើនជាង៩០ភាគរយ ជាសមាជិកបក្សកុម្មុយនីស្តវៀតណាម។

 
បេក្ខជនជាង៨០០នាក់ ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាវៀតណាមចំនួន៥០០អាសន។ បេក្ខជនឯករាជ្យដែលចូលរួមប្រកួតមាន៧៤នាក់ប៉ុណ្ណោះ។ អ្នកមានឈ្មោះបោះឆ្នោតមានដល់ទៅជិត៧០លាននាក់ ដែលក្រៅពីការបោះឆ្នោតជ្រើសរើសសភាជាតិ ក៏ត្រូវបោះឆ្នោតក្រុមប្រឹក្សាខេត្ត និងស្រុកផងដែរ។ 
 
ការបោះឆ្នោតជ្រើសរើសសមាជិកសភាវៀតណាម ធ្វើឡើងរៀងរាល់៥ឆ្នាំម្ដង ហើយជាញឹកញាប់ធ្វើឡើងក្រោយសមាជិកបក្សកុម្មុយនីស្តវៀតណាម។ ស្ថាប័ននីតិបញ្ញត្តិវៀតណាម ជាសភាប្រថាប់ត្រា ដែលយល់ព្រមតាមការសម្រេចនានារបស់បក្សកុម្មុយនីស្តវៀតណាម កំពុងកាន់អំណាចប៉ុណ្ណោះ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ សភាវៀតណាម បានពង្រឹងតួនាទីរបស់ខ្លួនដោយបង្កើនការត្រួតពិនិត្យគោលនយោបាយនានារបស់រដ្ឋាភិបាល។
 
លោក វឿង ឌិញហ្វេ ដែលប្រធានសភា បានអំពាវនាវឱ្យប្រជាជនបោះឆ្នោតជ្រើសរើសបេក្ខជនឱ្យត្រឹមត្រូវ។ ក្នុងសេចក្ដីថ្លែងការណ៍មុនការបោះឆ្នោត លោក ហ្វេ បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមអ្នកបោះឆ្នោតទាំងអស់ ដែលបានដឹងតួនាទីជាម្ចាស់ប្រទេស នឹងចូលរួមបោះឆ្នោតរើសបេក្ខជនដែលគួរឱ្យទុកចិត្ត និងសក្តិសមតំណាងឱ្យសំឡេងពួកគេ។»
 
ការបោះឆ្នោតលើកនេះ ធ្វើឡើងស្របពេលវៀតណាមកំពុងរងការអុកឡុកដោយជំងឺកូវីដ-១៩ ។ ក្រៅពីម៉ាស់ អ្នកបោះឆ្នោតទាំងអស់ ត្រូវរក្សាគម្លាត និងសម្អាតដៃមុនចូលបរិវេណមណ្ឌលបោះឆ្នោតផងដែរ។ លោក ហ្វេ លើកឡើងថា ការបោះឆ្នោតអាណត្តិតនេះ រៀបចំក្នុងពេលផ្ទុះរាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំង។ 
 
ជាធម្មតា លទ្ធផលការបោះឆ្នោតនេះ នឹងត្រូវប្រកាសនៅពីរសប្ដាហ៍បន្ទាប់។ សមាជិកការិយាល័យនយោបាយ និងគណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម តែងជាប់ឆ្នោតជាសមាជិកសភា៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com