កីឡាអន្តរជាតិ
អន្តរជាតិ
Lille ឈ្នះជើងឯក Ligue 1 ដោយលើស PSG តែ១ពិន្ទុ
24, May 2021 , 2:01 pm        
រូបភាព
Lille មាន១ពិន្ទុប៉ុណ្ណោះពីលើក្រុមគូប្រជែង Paris St-Germain បានក្លាយជាជើងឯកលីគកំពូលបារាំង Ligue 1 ជាលើកទី៤ ក្រោយយកឈ្នះ Angers ២-១ ក្នុងការប្រកួតបិទរដូវកាលដ៏តឹងតែង នៅរាត្រីថ្ងៃទី២៣ ខែឧសភា។


 
Jonathan David និង Burak Yilmaz ជាអ្នករកគ្រាប់បាល់ឱ្យ Lille នៅនាទីទី១០ និង៤៥ មុន Angelo Fulgini តាមបាន១គ្រាប់ឱ្យ Angers នៅនាទី៩០+។ តាមរយៈជ័យជម្នះនេះ មានន័យថា Lille ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Christophe Galtier បានបញ្ចប់ការគ្រងជើងឯកលីគរបស់ PSG ៨រដូវកាលជាប់គ្នា។
 
នាការប្រកួតបិទរដូវកាលដូចគ្នានេះ PSG ដែលឈ្នះជើងឯក Ligue 1 ៧រដូវកាលជាប់ៗគ្នា បានយកឈ្នះ Brest ២-០។ ឆ្លងកាត់ការប្រកួត៣៨លើកដូចគ្នា Lille រកបាន៨៣ពិន្ទុ លើសក្រុមលោក Mauricio Pochettino តែមួយពិន្ទុគត់។
 
នេះជាការឈ្នះពានលីគកំពូលបារាំងទាំងប្រទាញប្រទង់ជាលើកទី៤ សម្រាប់រដូវកាល ២០២០-២១ របស់ Lille បន្ទាប់ពីពួកគេឈ្នះ៣លើកកន្លងមកនៅរដូវកាល ១៩៤៥-៤៦, ១៩៥៣-៥៤ និង ២០១០-១១។
 
មកទល់ពេលនេះក្លិបដែលមានប្រវត្តិឈ្នះលីគកំពូលបារាំងច្រើនជាងគេមាន Saint-Étienne ចំនួន ១០សម័យកាល តាមពីក្រោយដោយ Marseille និង PSG ដែលគ្រងជើងឯក ៩លើកដូចគ្នា។ Monaco និង Nantes ឈ្នះ៨លើករៀងខ្លួន ខណៈ Lyon នៅលេខរៀងទី៦ ធ្លាប់ឈ្នះ៧លើក។
 
ដោយឡែក Monaco ដែលស្មើជាមួយ Lens នៅជំនួបចុងក្រោយ បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងតារាង Ligue1 និងទទួលបានកៅអីជម្រុះ Champions League រដូវកាលក្រោយ។ នេះដោយសារនៅបារាំងទទួលបានកូតាកៅអីអឺរ៉ុបពី UEFA ត្រឹម ២កៅអីកន្លះប៉ុណ្ណោះ។ 
 
Lyon និង Marseille ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ និងទី៥ ទទួលបានកៅអីលេង Europa League រដូវកាលដោយស្វ័យប្រវត្តិ ខណៈ Rennes ដែលឈរលេខ៦ បានកៅអីវគ្គជម្រុះ។
Nantes ដែលស្ថិតនៅចំណាត់ថ្នាក់ទី១៨ នឹងត្រូវប្រកួតជម្រុះជាមួយក្រុម Toulouse ដែលនៅក្របខណ្ឌទី២បារាំង ដើម្បីរកមួយក្រុមលេងនៅ Ligue 1រដូវកាលក្រោយ។ Nimes និង Dijon ដែលឈរលេខ១៩ និង ២០ ត្រូវធ្លាក់ទៅលីគទី២បារាំងរដូវកាលក្រោយ ខណៈ Troyes និង Clermont Foot ឡើងទៅលីគកំពូលវិញ៕
 

Tag:
 Lille
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com