រថយន្ត
អន្តរជាតិ
លោក ចូ បៃឌិន៖ អនាគតឧស្សាហកម្មយានយន្តអាមេរិក គឺអគ្គិសនី
24, May 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
លោកប្រធានាធិបតីអាមេរិក បានប្រកាសកាលពីពេលថ្មីៗកន្លងមកនេះ នូវគោលដៅរបស់ខ្លួនក្នុងការប្រកួតប្រជែងជាមួយចិន លើទីផ្សារយានយន្តអគ្គិសនី ជាមួយនឹងការពង្រីកគម្រោងវិនិយោគផ្សេងៗ។ នេះបើតាមការផ្សាយរបស់ AFP។

 
«ខ្ញុំឈ្មោះ ចូ បៃឌិន ហើយខ្ញុំស្ថិតក្នុងចំណោមប្រភេទមនុស្សដែលស្រឡាញ់រថយន្ត»។ លោកបានអះអាងយ៉ាងដូច្នេះ ពីក្រុង Dearborn រដ្ឋ Michigan ដោយបញ្ជាក់ពីការខិតខំប្រឹងប្រែងដើម្បីឲ្យទីផ្សាររថយន្តអគ្គិសនីអាមេរិក កាន់តែទូលំទូលាយ និងអាចប្រកួតប្រជែងជាមួយចិន។
 
នាពិធីមួយនៅមជ្ឈមណ្ឌលយានយន្ត Ford Rouge Electric Vehicle Center លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា ការពង្រីកទីផ្សាររថយន្តអគ្គិសនី ក៏ត្រូវគិតផងដែរទាក់ទងនឹងការផលិតអាគុយ ដែលអាចផលិតផ្ទាល់នៅទឹកដីអាមេរិក ឬផ្អែកលើប្រទេសដទៃ។
 
«ពិតណាស់ បច្ចុប្បន្ន ចិនកំពុងនាំគេ។ ពួកគេគិតថា ពួកគេនឹងឈ្នះ។ មិត្តទាំងអស់គ្នា ខ្ញុំមានសារមួយសម្រាប់ពួកគេ ដែលថា ពួកគេនឹងមិនឈ្នះនោះឡើយ»។ នេះជាការលើកឡើងរបស់លោក បៃឌិន ដោយបង្ហាញពីគម្រោងវិនិយោគធំៗក្នុងឧស្សាហកម្មយានយន្ត។
 
«American Jobs Plan» ជាគម្រោងដែលមានទឹកប្រាក់ប្រមាណ២០០០ពាន់លានដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ គម្រោងនេះ ត្រូវរង់ចាំការអនុម័តពីសភាជាមុនសិន។ ក្នុងគម្រោងនេះ ក៏មានការលើកឡើងទាក់ទងនឹងការសាងសង់បណ្តាញជាតិមួយ ដោយបំពាក់ស្ថានីយ៍បញ្ចូលអគ្គិសនីឲ្យបាន៥០០ ០០០កន្លែងមុនឆ្នាំ២០៣០។
 
ក្នុងសន្ទរកថារបស់ខ្លួន លោក ចូ បៃឌិន ក៏បានរិះគន់ប្រធានាធិបតីចាស់ លោក ដូណាល់ ត្រាំ ផងដែរ ដោយលោកថា គូប្រជែងពីគណបក្សសាធារណរដ្ឋ មិនបានធ្វើអ្វីធំដុំនោះឡើយទាក់ទងនឹងឧស្សាហកម្មយានយន្តក្នុងអាណិត្តខ្លួន៤ឆ្នាំកន្លងមក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com