អន្តរជាតិ
មេដឹកនាំ EU ឯកភាពដាក់ទណ្ឌកម្មបេឡារុស ដើម្បីឆ្លើយតបការចាប់ខ្លួនអ្នកកាសែត
25, May 2021 , 2:43 pm        
រូបភាព
លោកស្រី_ Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប។ រូបភាព៖ AFP
លោកស្រី_ Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប។ រូបភាព៖ AFP
មេដឹកនាំសហភាពអឺរ៉ុប បានឯកភាពដាក់ទណ្ឌកម្មបេឡារុស ដែលបានចាប់ខ្លួនអ្នកកាសែតម្នាក់ដោយបង្ខំ។ បុគ្គល មុខជំនួញ និងអាកាសចរណ៍ជាដើម ដែលពាក់ព័ន្ធនឹងការចាប់ខ្លួន ត្រូវរងទណ្ឌកម្ម។

 
 
បេឡារុស នៅថ្ងៃទី២៣ ខែឧសភា កន្លងទៅ បានបញ្ជូនយន្តហោះចម្បាំងទៅបង្អាក់យន្តហោះអ្នកដំណើរ Ryanair  ដែលហោះចេញពីក្រិក ទៅលីទុយអានី ឱ្យចុះចតជាច្រើនម៉ោង ដើម្បីចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់។ ទង្វើបែបនេះ ត្រូវបានសហភាពអឺរ៉ុបរិះគន់យ៉ាងខ្លាំង។ ការចាប់ខ្លួនលោក Roman Protasevich ដោយសារ អ្នកកាសែតរូបនេះ ជាអ្នករិះគន់ដ៏ខ្លាំងម្នាក់មកលើលោកប្រធានាធិបតីបេឡារុស Alexander Lukashenko។
 
ទាក់ទិននឹងបញ្ហាចាប់ខ្លួននេះ មេដឹកនាំសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៤ ខែឧសភា ដោយទាមទារឱ្យដោះលែងអ្នកកាសែតវ័យ ២៦ឆ្នាំ ភ្លាមៗ និងឯកភាពដាក់ទណ្ឌកម្មលើបេឡារុស។ 
 
«ទណ្ឌកម្មទាំងនោះ រួមមានដូចជា បុគ្គលពាក់ព័ន្ធនឹងការចាប់ជំរិតយន្តហោះ ក្រុមហ៊ុនដែលទ្រទ្រង់របបដឹកនាំបេឡារុស និងវិស័យអាកាសចរផងដែរ»។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានសរសេរបែបនេះលើគណនី Twitter របស់ខ្លួន ដោយបន្ថែមថា សហភាពអឺរ៉ុប នឹងបន្តដាក់សម្ពាធលើបេឡារុស រហូតដល់មានការគោរពសិទ្ទិសេរីភាព និងសារព័ត៌មាន។ សម្រាប់ទណ្ឌកម្មលើវិស័យអាកាសចរ សហភាពអឺរ៉ុប ហាមឃាត់អាកាសចរបេឡារុស ហោះកាត់ដែនដី និងចូលចតក្នុងអាកាសយានដ្ឋាននានានៅអឺរ៉ុប។ 
 
ស្របគ្នាដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក៏បានរិះគន់បេឡារុស ដែលបានចាប់ខ្លួនអ្នកកាសែតខាងលើដែរ។ 
 
ពេលនេះ លោក Protasevich ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងមីនស្កិ៍ ដោយមិនមានបញ្ហាសុខភាពអ្វីឡើយ។ ក្នុងអំឡុងពេលឃុំខ្លួននេះ លោក Protasevich បានសារភាពពីកំហុសរបស់ខ្លួន និងរីករាយក្នុងការសហការជាមួយអាជ្ញាធរ ដើម្បីស៊ើបអង្កេត។ ប៉ុន្តែការសារភាពនេះ ត្រូវបានមនុស្សជិតស្និទ្ធរបស់លោកច្រានចោល ដោយសំអាងថា លោករងសម្ពាធផ្លូវកាយ និងផ្លូវចិត្ត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។  
 
លោក Protasevich ជាសហស្ថាបនិកក្រុម Nexta លើប្រព័ន្ធទំនាក់ទំនង Telegram ដែលប្រើសម្រាប់អំពាវនាវឱ្យធ្វើបាតុកម្មនៅបេឡារុស។ ក្រុមនេះ មានអ្នកចូលរួមរហូតទៅដល់ពីរលាននាក់ឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកកាសែតវ័យ ២៦រូបនេះ ក៏រងបទចោទជាច្រើនផងដែរ ពីអាជ្ញាធរក្រុងមីនស្កិ៍។
 
គួររំលឹកថា បន្ទាប់ពីលោក Alexander Lukashenko បានប្រកាសជ័យជម្នះលើការបោះឆ្នោតប្រធានាធិបតីកាលឆ្នាំ២០២០ បាតុកម្មទ្រង់ទ្រាយធំ បានផ្ទុះឡើងនៅទូទាំងប្រទេស៕ 
 

Tag:
 សហភាពអឺរ៉ុប
  បេឡារុស
© រក្សាសិទ្ធិដោយ thmeythmey.com