COVID-19
ជាតិ
កូវីដ-១៩៖ បន្ទាយមានជ័យ ព្រះសីហនុ តាកែវ និងកោះកុង មានអ្នកឆ្លងកាន់តែច្រើន
25, May 2021 , 4:35 pm        
រូបភាព
ជំងឺកូវីដ-១៩ នៅបន្តឆ្លងរាលដាលឥតស្រាកស្រាន្តនៅកម្ពុជា មិនត្រឹមតែនៅរាជធានីភ្នំពេញនោះទេ តាមបណ្តាខេត្ត ក៏បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ជារៀងរាល់ថ្ងៃដែរ។ នៅថ្ងៃទី២៤ឧសភា ខេត្តបន្ទាយមានជ័យរកឃើញ៨០ករណី ខេត្តព្រះសីហនុបន្តរកឃើញ ៦៥ករណី , តាកែវ រកឃើញអ្នកឆ្លងថ្មី ៤៩នាក់ទៀត ខណៈកោះកុង មាន៣០នាក់ កំពង់ស្ពឺ បន្តរកឃើញអ្នកឆ្លងថ្មី២០នាក់បន្ថែម។ បណ្តាខេត្តផ្សេងទៀត រួមមានបាត់ដំបង, កំពង់ធំ ពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ក៏បន្តរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀតដែរ។

 
ខាងក្រោមនេះជាតួលេខវិជ្ជមានកូវីដ-១៩ នៅតាម បណ្តា-ខេត្ត ដោយផ្អែកលើរបាយការណ៍របស់ខេត្តនីមួយ៖ 
 
បន្ទាយមានជ័យ៖ ឆ្លងថ្មី៨០នាក់ ភាគច្រើននៅប៉ោយប៉ែត និងសះស្បើយ ១៤១នាក់ 
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសរកឃើញមនុស្ស៨០នាក់ទៀត វិជ្ជមានកូវីដ-១៩ ដែលភាគច្រើនជាអ្នកប៉ោយប៉ែត។ ក្នុងចំណោមអ្នកឆ្លងទាំងនេះ មាន ១២នាក់ ជាពលករខ្មែរ ដែលទើបមកពីប្រទេសថៃ អ្នកបម្រើការនៅកាស៊ីណូ, កម្មកររោងចក្រ និងអាជីវករ។  ជាមួយគ្នានេះ ក៏មានករណីឆ្លងនៅពន្ធនាគារ ១នាក់ដែរ។  រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានប្រកាសថាមានអ្នកជំងឺ ចំនួន ១៤១នាក់បានជាសះស្បើយផងដែរ។ 
 
ព្រះសីហនុ៖ ៦៥នាក់ ជាកម្មកររោងចក្រ និងអាជីវករ 
 
ខេត្តព្រះសីហនុ បានបន្តរកឃើញអ្នកឆ្លងថ្មី ៦៥នាក់ទៀត ដែលជាកម្មករោងចក្រ និងអាជីវករព្រមទាំងក្រុមគ្រួសារពួកគេ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ  ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៥នាក់នេះ មាន៤៦នាក់រស់នៅឃុំបិតត្រាំង, ឃុំវាលរេញ, ឃុំព្រៃនប់,ឃុំអូរឧកញ៉ាហេង និងឃុំរាម ស្រុកព្រៃនប់។ ១២នាក់រស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ, សង្កាត់លេខ៤ចំនួន ៦នាក់, សង្កាត់លេខ៣ ចំនួន ១នាក់។
 
តាកែវ៖ ៤៩នាក់ ភាគច្រើនជាកម្មកររោងចក្រ
 
ខេត្តតាកែវ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ ដែលភាគច្រើនជាកម្មកររោងចក្រសាន់បូ និងអាជីវករផ្សារសំរោងយ៉ោង។ តាមរដ្ឋបាលខេត្តតាកែវ អ្នកវិជ្ជមាន ៤២នាក់ រស់នៅស្រុកបាទី , ៤នាក់នៅស្រុកព្រៃកប្បាស, ២នាក់នៅស្រុកគិរីវង្ស និង១នាក់នៅស្រុកសំរោង។

កោះកុង៖ រកឃើញ៣០នាក់ សុទ្ធតែរស់នៅស្រុកស្រែអំបិល
 
ពលរដ្ឋ ៣០នាក់ទៀតមានតេស្តវិជ្ជមានកូវីដ-១៩ ដែលក្នុងនោះមានកុមារ និងទារកសរុប៧នាក់ផង។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត អ្នកវិជ្ជមានទាំងអស់សុទ្ធតែមានទីលំនៅក្នុងស្រុកស្រែអំបិល ដែលមាននៅឃុំជីខ ,ឃុំដងពែង ,ឃុំបឹងព្រាវ និងឃុំស្រែអំបិល។ ក្រៅពីបង្ហាញតួលេខឆ្លងប្រចាំថ្ងៃទី២៤ ឧសភា រដ្ឋបាលខេត្តកោះកុង ក៏បានបញ្ចូលករណីឆ្លងនាថ្ងៃទី២២ និងទី២៣ ឧសភា ដែរ ដែលពីរថ្ងៃនេះ មានអ្នកឆ្លងសរុប៣៣នាក់  សុទ្ធតែជាអ្នកស្រុកស្រែអំបិលទាំងអស់។
 
កំពង់ស្ពឺ៖ ២០នាក់បន្ថែម សះស្បើយ៧នាក់ 
 
ខេត្តកំពង់ស្ពឺ បានរកឃើញមនុស្ស ២០នាក់ទៀតវិជ្ជមានកូវីដ-១៩  ក្នុងនោះមានកុមារី២នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លង ភាគច្រើនជាស្ត្រី និងដែល៩នាក់នៅសំរោងទង, ៧នាក់ រស់នៅស្រុកឧត្តុង្គ, ២នាក់នៅស្រុកថ្ពង,១នាក់នៅស្រុកគងពិសី និង១នាក់ទៀតជាអ្នកស្រុកអង្គស្នួល ខេត្តកណ្តាល។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានប្រកាសករណីសះស្បើយសរុប ៧នាក់ផងដែរ ដែលធ្វើឱ្យអ្នកជាសរុបមាន១១៧នាក់។ 
 
បាត់ដំបង៖ ១៦នាក់ ដែល៩នាក់ជាពលករមកពីប្រទេសថៃ
 
ក្នុងចំណោមមនុស្សទាំង១៦នាក់ ដែលមានវិជ្ជមានកូវីដ-១៩នោះ មាន៩នាក់ជាពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ និង៧នាក់ឆ្លងបន្តគ្នានៅក្នុងមូលដ្ឋាន។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្នុងចំណោមពលរដ្ឋដែលទើបរកឃើញវិជ្ជមានកូវីដ-១៩នោះ មាន៥នាក់នៅស្រុកឯកភ្នំ, ៣នាក់នៅស្រុកសង្កែ និង៣នាក់រស់នៅក្រុងបាត់ដំបង។ ចំណែកស្រុកមោងឫស្សី ថ្មគោល បាណន់និងស្រុកភ្នំព្រឹក មានករណីថ្មី១នាក់រៀងខ្លួន ខណៈអ្នកវិជ្ជមានម្នាក់ទៀតមានទីលំនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ 
ជាមួយគ្នានេះរដ្ឋបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ដែរថា មានអ្នកជំងឺ ៧នាក់បានជាសះស្បើយ ។ បច្ចុប្បន្ន ខេត្តបាត់ដំបងមានអ្នកឆ្លងកូវីដ-១៩ សរុប ១៥៥នាក់ ក្នុងនោះអ្នកសះស្បើយ ៥៩នាក់, ១នាក់ស្លាប់ និង៩៣នាក់ទៀតកំពុងបន្តព្យាបាល។ 
 
កំពង់ធំ៖ ១៤នាក់វិជ្ជមាន និងសះស្បើយ១១នាក់
 
មនុស្ស១៤នាក់ទៀត តេស្តវិជ្ជមាននៅកំពង់ធំ ក្នុងនោះមាន១២នាក់រស់នៅស្រុកតាំងគោក, ១នាក់នៅស្រុកស្ទោង និង១នាក់ទៀតនៅស្រុកប្រាសាទសំបូរ។ តាមរដ្ឋបាលខេត្តកំពង់ធំ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៤នាក់ ភាគច្រើនជាអ្នកដែលបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកន្លងមក ខណៈ២នាក់ជាពលករមកពីប្រទេថៃ  និង១នាក់ទៀតជាកម្មកររោងចក្រ។  មនុស្ស ១១នាក់បន្ថែមទៀត ក៏ត្រូវបានប្រកាសថាបានជាសះស្បើយពីជំងឺកូវីដ-១៩ ដែរ ក្នុងនោះស្រី៨នាក់។ បច្ចុប្បន្នកំពង់ធំ មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ១៨៨នាក់ ក្នុងនោះ ៦៨នាក់សះស្បើយ ហើយ១២០នាក់កំពុងបន្តសម្រាកព្យាបាល។ 
 
 
ព្រៃវែង៖ មាន៧នាក់ ក្នុងនោះ១នាក់មកពីថៃ និង១នាក់ពីភ្នំពេញ
 
ខេត្តព្រៃវែង នៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀត ដែលក្នុងនោះ ៥នាក់ឆ្លងបន្តគ្នាក្នុងមូលដ្ឋាន ១នាក់ជាពលករទើបត្រឡប់ពីប្រទេសថៃ   និង១នាក់ជាអ្នកដំណើរពីរាជធានីភ្នំពេញ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងចំណោមអ្នកវិជ្ជមានទាំង ៧នាក់នោះ មាន៣នាក់ជាអ្នករស់នៅស្រុកស្រុកពារាំង,២នាក់នៅស្រុកព្រះស្តេច ខណៈស្រុកពាមជរ និងស្រុកកញ្ជៀច រកឃើញ១នាក់រៀងខ្លួន។
 
ពោធិ៍សាត់៖ រកឃើញ៤នាក់ សុទ្ធតែជាអ្នកដំណើរពីភ្នំពេញ
 
៤ករណីដែលរកឃើញនៅខេត្តពោធិ៍សាត់ មានប្រុស២នាក់ និងស្រី២នាក់ ហើយសុទ្ធតែអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ។   តាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បច្ចុប្បន្នខេត្តនេះ មានករណីវិជ្ជមានកូវីដ-១៩ សរុប៩០នាក់ ក្នុងនោះជាសះស្បើយ ចំនួន១៧នាក់ ស្លាប់១នាក់ និង ៧២នាក់ទៀតកំពុងសម្រាកព្យាបាល។
 
ឧត្តរមានជ័យ៖ ឆ្លងថ្មី៣នាក់ជាពលករមកពីថៃ និងសះស្បើយ ៣នាក់
 
រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសថា ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃចំនួន ៣នាក់បន្ថែមទៀត ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ពីការធ្វើតេស្តលើកទី២ នាថ្ងៃទី២៤ឧសភា។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣នាក់នេះ មាន១នាក់មានទីលំនៅស្រុកចុងកាល់, ១នាក់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និង១នាក់មានទីលំនៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ៣នាក់ដែរ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩។ ខេត្តឧត្តរមានជ័យ មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៣០នាក់ ក្នុងនោះនាំចូលពីបរទស ២៨នាក់។ អ្នកសះស្បើយ មាន៦នាក់ និង២៦នាក់ទៀតកំពុងបន្តសម្រាកព្យាបាល។  
 
ត្បូងឃ្មុំ៖ រកឃើញ៤នាក់ទៀត ដោយ២នាក់មកពីថៃ និង២នាក់មកពីព្រះសីហនុ
 
៤ករណីបន្ថែមនៅខេត្តត្បូងឃ្មុំនោះ មាន២នាក់ជាពលរដ្ឋដែលធ្វើដំណើរពីប្រទេសថៃ និង២នាក់ជាអ្នកដំណើរពីខេត្តព្រះសីហនុ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ពលរដ្ឋមានអាសយដ្ឋាន នៅឃុំដារ ស្រុកមេមត់ ,១នាក់ មានអាសយដ្ឋាននៅឃុំល្ងៀង ស្រុកត្បូងឃ្មុំ និង១នាក់ទៀត រស់នៅសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ 
 
របាយការណ៍ទូទាំងប្រទេស
 
 គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២៦៣២៩នាក់ ដោយ សះស្បើយមាន ១៩០២២នាក់ និង ស្លាប់កើនដល់ ១៨៣នាក់
 

Tag:
 កំពង់ស្ពឺ
  កំពង់ធំ
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com