កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកនៅតែបន្ត ទោះអាមេរិកព្រមានពីការធ្វើដំណើរចូលទឹកដីជប៉ុន
25, May 2021 , 9:59 pm        
រូបភាព
ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ នៅតែបន្តដំណើរការ បើទោះមានការព្រមានអំពីការធ្វើដំណើរថ្មីរបស់អាមេរិកទៅកាន់ប្រទេសជប៉ុន ដែលរងហានិភ័យពីការឆ្លងកូវីដ-១៩ ខ្លាំងឡើង។ រដ្ឋាភិបាលជប៉ុន និងអ្នករៀបចំកីឡារដូវក្តៅ អះអាងដូច្នេះនៅថ្ងៃទី២៥ ខែឧសភា។


បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៤ ខែឧសភាជំរុញឱ្យពលរដ្ឋខ្លួបចៀសវាងការធ្វើដំណើរទៅប្រទេសជប៉ុន ស្របពេលតាមព្រំដែនប្រទេសនេះត្រូវបានបិទជិតស្ទើរតែទាំងអស់ ក្រោយជំងឺរាតត្បាតកើនឡើងគួរបារម្ភ។
 
ជុំវិញការរិតត្បិតការធ្វើដំណើរ និងការព្រមានខាងលើ ជប៉ុននៅតែប្តេជ្ញាបន្តដំណើរការអូឡាំពិកក្រុងតូក្យូដែលពន្យារពេលដោយសារកូវីដ-១៩ ម្តងរួចហើយដដែល។ រដ្ឋមន្រ្តីអូឡាំពិកជប៉ុន អ្នកស្រី Tamayo Marukawa បានប្រាប់សន្និសីទកាសែតថា មកទល់នាពេលនេះជប៉ុននៅតែអាចធានាលើការធ្វើដំណើររបស់អត្តពលិកទៅកាន់អូឡាំពិក។
 
លោកស្រីបញ្ជាក់ថា មានការហាមឃាត់លើកការធ្វើដំណើរសំខាន់ៗប៉ុណ្ណោះ ហើយគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកអាមេរិកនៅតែអនុញ្ញាតឱ្យមានការចូលរួមប្រកបដោយសុវត្ថិភាពរបស់អត្តពលិកខ្លួននៅទឹកដីជប៉ុនកាន់តែខ្លាំង។
 
ទាំងរដ្ឋាភិបាលជប៉ុន និងមន្ត្រីរៀបចំអូឡាំពិក សន្យាថាការប្រកួតកីឡាលំដាប់ពិភពលោករដូវកក្តៅ នឹងបន្តដំណើរការទៅមុខតាមការគ្រោងទុកនៅថ្ងៃទីខ២៣ ខែកក្កដា បើទោះការស្ទង់មតិបង្ហាញថាប្រជាជនជប៉ុនភាគច្រើនចង់ឲ្យព្រឹត្តិការណ៍កីឡានេះ លុបចោល ឬពន្យារពេលជាថ្មី ដោយបារម្ភពីការឆ្លងកូវីដ-១៩។
 
មុនការព្រមានពីអាមេរិកនេះ សមាគមគ្រូពេទ្យដ៏ធំមួយនៅជប៉ុន ក៏ធ្លាប់បានអំពាវនាវឱ្យលុបចោលការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដោយបារម្ភពីវិបត្តិកូវីដ-១៩ផងដែរ។ អង្គការវេជ្ជសាស្ត្រមួយនេះ អះអាងថា មន្ទីរពេទ្យជាច្រើនស្ទើតែគ្មានកន្លែងទំនេរ ស្របពេលជប៉ុនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃការឆ្លងជំងឺដ៏កាចសាហាវនេះ។
មិនត្រឹមតែអាមេរិកឡើយ អូស្ត្រាលីឯណោះវិញ ក៏បានព្រមានការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្លួនទៅកាន់ទឹកដីជប៉ុន ក្រោមហេតុផលបារម្ភពីហានិភ័នៃការឆ្លងកូវីដ-១៩ ផងដែរ៕
 

Tag:
 Olympic
© រក្សាសិទ្ធិដោយ thmeythmey.com